ភ្នំពេញ៖ រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នឹងអញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ថ្ងៃ៣មីនា។
ក្រោយពិធីសំណេះសំណាល នឹងអញ្ជើញពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងសិល្បករ សិល្បការីនីរាប់រយនាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ការប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំ២០១៨ផងដែរ។
ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយ សម្រាប់ប្រទេសជាតិ និងជាឱកាសដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបានយកចិត្តទុកដាក់រៀបចំប្រារព្ធទិវាវប្បធម៌ជាតិឡើង សំដៅជំរុញការផ្សព្វផ្សាយ បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចចូលរួមថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕