ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​ក្រឡាហោម ស ខេង៖ សមត្ថកិច្ច មិនត្រូវ​យកអំណាច និង​បុណ្យស័ក្តិ​ទៅ​អន្តរាគមន៍ ឬ​កាង​បទល្មើស

សម្តេចក្រឡាហោមមានប្រសាសន៍បែបនេះ ​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ចំនួន​ជាង ៧០​តោន ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩។

សម្តេច​ក្រឡាហោម ស ខេង ក៏បានប្រាប់​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឲ្យ​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​ផលិតផល​ក្លែងក្លាយ ដូចជា ថ្នាំពេទ្យ ចំណីអាហារ គ្រឿង​បរិភោគ និង​ភេសជ្ជៈ ដែល​បរិភោគ និង​ទទួលទាន​ដាក់ចូល​ក្នុង​មាត់ ជាដើម ពីព្រោះថា ផលិតផល​ទាំងនេះ យើងទាំងអស់គ្នា តែងតែ​ត្រូវការ​ប្រើប្រាស់ និង​ទទួលទាន​រាល់ថ្ងៃ​។

​សូម​រម្លឹកថា ផលិតផល​ក្លែងក្លាយ ដែល​ត្រូវ​កម្ទេចចោល ជា​លើក​ទី​៤ នា​ព្រឹក​ថ្ងៃទី​១២​មីនា​នេះ រួមមាន ថ្នាំពេទ្យ​ក្លែងក្លាយ ចំនួន ១០៦ មុខ ស្មើនឹង ៤០០​គីឡូក្រាម ទឹក​សុទ្ធ​ម៉ាក Evian, Saint amand, Montcalm ចំនួន ៥.៥២០​កេស ស្មើនឹង ៦២.៦៤០​គីឡូក្រាម និង​ផលិតផល​ជី​កសិកម្ម ចំនួន​៧.៨៥០​គីឡូក្រាម សរុប​ទាំងអស់​មាន​ចំនួន​ជាង ៧០​តោន​។​

​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានធ្វើ​ប្រតិបត្តិការ ចាប់​ឃាត់​នូវ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​ផលិត ស្តុក​ទុក និង​ចែកចាយ បាន​ចំនួន ២០​ករណី (​ចាត់ការ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន ឬ​ម្ចាស់​ដើម​មាន​ចំនួន ១២​ករណី​) និង​ចុះបង្ក្រាប​នៅ​នឹង​ទីតាំង ផ្ទាល់​បាន ០៨​ករណី មានដូចជាៈ
-​ករណី នាំចូល ចែកចាយ ផលិតផល​គ្រឿងសំអាង​ក្លែងក្លាយ រំលោភច្បាប់​កម្មសិទ្ធិបញ្ញា
-​បង្ក្រាប​ទីតាំង​ផលិត​ប្រេងម៉ាស៊ីន​ក្លែងក្លាយ​-​ខុសច្បាប់
-​បង្ក្រាប​ទីតាំង​ចែកចាយ​ជី​កសិកម្ម​ក្លែងក្លាយ​-​ខុសច្បាប់
-​បង្ក្រាប​សិប្បកម្ម​ផលិត​ទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់
-​បង្ក្រាប​ទីតាំង​សាច់​ប៉ា​តេ មិន​អនុលោម​តាមច្បាប់
-​បង្ក្រាប​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ ក្លែងក្លាយ​-​ខុសច្បាប់ ។​ល​៕