ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមក្នុងសំណុំរឿង ឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
បន្ទាប់ពីបើកសវនាការជាសាធារណៈអស់ជាច្រើនលើកច្រើនសាររួចមក លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមលើជនជាប់ចោទចំនួន ៤នាក់រួមមានឈ្មោះ ថោង សារ៉ាត់ ថៅកែក្រុមហ៊ុន ៩៩៩ និងអង្គរក្ស សៀង វាសនា កូយ ចាន់ថុល មាស សម្បត្តិ និងឈ្មោះ ឈុន ចិត្រា ពីបទ ឃាតកម្មសម្លាប់ជនរងគ្រោះ។
សូមបញ្ជាក់ជូនថា នៅគ្រប់សវនាការកន្លងមកទាំងជនជាប់ចោទ និងសាក្សីសុទ្ធតែអះអាងថា ជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ។
គួររំលឹកថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នៅមុខហាងលក់ផ្លែឈើយីហោ ឡោតិចសេង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ឆ្លងតាមការស្រាវជ្រាវ និងស៊ើបអង្កេតសមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងអង្គរក្សចំនួន ៥នាក់ បញ្ជូនទៅតុលាការ ប៉ុន្តែក្រោយមកអង្គរក្សម្នាក់ឈ្មោះ លី សៅ ដែលនគរបាលអះអាងថា ជាជនដៃដល់ បានស្លាប់នៅក្នុងពន្ធនាគារ៕