លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរដ្ឋមន្ត្រី ថោង ខុន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រសួង និងក្រុមហ៊ុនឯកជនចំនួន ៣ទៅ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «២៦th Moscow International Travel & Tourism Exhibition (MITT ២០១៩)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែមីនានេះ។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ចូលរួមមាន៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេសនៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ការបង្កើនប្រសិទ្ធភាពនៃមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ និងយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញទេសចររុស្ស៊ី។
MITT ២០១៩នេះ គឺជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍លំដាប់ទី៥នៃពិភពលោក ដែលជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF២០២១) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទេសចររុស្ស៊ី មកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរពីអ៊ឺរ៉ុបប្រមាណ ៨២០,០០០នាក់ ស្មើនឹង ១៣% នៃចំនួនទេសចរសរុបដែលមកទស្សនាកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ MITT២០១៩ កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរមកពីទីផ្សារអឺរ៉ុបកាន់តែច្រើនថែមទៀត៕