ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត គុណ ញឹម៖ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងបានចូលមកបង់ពន្ធ និងប្រាក់កក់ ទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក

ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ដោយ​លោក​បញ្ជាក់ថា រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន​៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។គិតត្រឹមថ្ងៃទី២៦ខែតុលាឆ្នាំ​២០​២១​ការលើកឡើងនេះ ។

ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល តាមស្មារតីសេចក្តីជូនដំណឹងលេខ ៤៨២ សជណ.ហធ. ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបណ្ឌិត គុណ ញឹម បានបន្ថែមថា «ក្នុងចំណោម៥៤២គ្រឿង ដែលបានចូលទៅបង់ពន្ធនោះ មាន៣៥២គ្រឿង ជាប្រភេទចង្កូតឆ្វេង ស្មើនឹងទឹកប្រាក់៥,៨លានដុល្លារ និងរថយន្តចង្កូតស្តាំ ចំនួន១៩០គ្រឿង ដែលបានយកប្រាក់ទៅកក់ ស្មើនឹងទឹកប្រាក់ជាង១លានដុល្លារអាមេ​រិក»។
បច្ចុប្បន្ន មានរថយន្តគ្មានពន្ធ និងអាករនាំចូល ជ្រកក្រោមស្លាកលេខផ្សេងៗ មានប្រមាណ១ម៉ឺនគ្រឿង នៅទូទាំងប្រទេស។កាលពីពេលមុន ការនាំចូលរថយន្តគ្មានពន្ធ និងអាករនាំចូល តាមច្រករបៀង មានប្រមាណ១០គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមានចំណាត់ការ និងវិធានការតឹងរឹង បច្ចុប្បន្ន ការលួចនាំចូលមិនមានតទៅទៀតនោះទេ។
យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីខែកញ្ញាកន្លងទៅ បានបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្ត ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបាន ការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ឡើយ។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុវត្តឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។
ចំពោះរថយន្តចង្កូតស្ដាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធនិងអាករសរុបដក១០ភាគរយ និងត្រូវយករថយន្តទៅកែចង្កូតពីស្ដាំទៅឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីប្ដូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាប័ត្ររថយន្តពីមន្ត្រីគយ។
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធ ដែលបង្ក្រាបបាននឹងត្រូវតម្រូវឲ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្ដាំ ដែលជាប្រភេទរថយន្តហាមគាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំណែកជាគ្រឿងបន្លាស់៕