ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍«បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន»

(រាជធានីភ្នំពេញ)៖  លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន» តាមប្រព័ន្ធអនឡាញ MS Teamsនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា។

វគ្គបណ្តុះបណ្តាលខាងលើ ជាវគ្គបណ្តុះបណ្តាលជាស៊េរី ហើយត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មា​ធិការប្រកួតប្រជែងប្រទេសហ្វីលីពីន (PCC) ដែលប្រព្រឹត្តទៅចំនួន២លើក គឺលើកទី១ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនេះ នឹងដើរតួរយ៉ាងសំខាន់សម្រាប់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការទទួលបានធាតុចូលបន្ថែម​សម្រាប់តាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការរួមបញ្ចូលគ្នានៃធុរកិច្ច»។
អគ្គនាយកដ្ឋាន ក.ប.ប. បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រកួតប្រជែងប្រទេសហ្វីលីពីន ជាពិសេសចំពោះលោកបណ្ឌិត Arsenio M. Balisacan ប្រធានគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន និងសហការីរបស់លោក ដែលបានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ចំនួន៣ រួមមាន៖ (១)-ក្របខណ្ឌច្បាប់និងការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន (២)-ការជូនដំណឹងអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និង(៣)-ការចេញសេចក្តីសម្រេច ការហាមឃាត់ និងការពិន័យលើការរួមបញ្ចូលគ្នានៃធុរកិច្ច។
លោក​ប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងទទួលបាននូវធាតុចូលសំខាន់ៗមួយចំនួន ដើម្បីដាក់បញ្ចូលបន្ថែមនៅក្នុងការតាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «លក្ខខណ្ឌនិងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច» របស់ខ្លួនដែលកំពុងរៀបចំនាពេលបច្ចុប្បន្នឱ្យកាន់តែមានសង្គតិភាព និងសមស្របក្នុងបរិបទកម្ពុជា បរិបទក្នុងតំបន់ និងបរិបទអន្តរជាតិ។
អគ្គនាយកដ្ឋាន ក.ប.ប.បានស្នើសុំឱ្យគណៈកម្មាធិការប្រកួតប្រជែងប្រទេសហ្វីលីពីន(PCC) ពិនិត្យនូវលទ្ធភាពបន្តនូវការចែករំលែកបទពិសោ​ធន៍ ក៏ដូចជាបន្តការបណ្ដុះបណ្ដាលផ្សេងទៀតជូនដល់អគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលនឹងលេចរូបរាងនាពេលដ៏ខ្លីខាងមុខ៕