ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-រុស្ស៊ី បាន​​ឯកភាពគ្នា ដោយ​ប្តេជ្ញាថា នឹង​​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកដំណើរការឡើងវិញ នូវគ្រប់វិស័យ រួមទាំងបានដាក់ចេញ យុទ្ធសាស្ត្រទេសចរវ៉ាក់សាំងនោះ លោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានប្រកាសគាំទ្រ នូវយុទ្ធសាស្រ្តនេះ ហើយនឹងរៀបចំឲ្យពលរដ្ឋ មកលេងកម្ពុជាក្នុងពេលឆាប់ៗនេះ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបពិភាក្សាគ្នា ដោយ​​​ភាគីទាំងពីរបានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ទទួលស្វាគមន៍ទេសចររុស្ស៊ី ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង របស់កម្ពុជាដូចជា៖
ទី១៖ រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចររុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Far Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្លួនរួចស្រេច ក្នុងការទទួលទេសចរអន្តរជាតិ។
ទី២៖ អញ្ជើញក្រុមហ៊ុនទេសចរណ៍រុស្ស៊ីចូលរួមការតាំងពិព័រណ៍ខ្នាតតូចល្មមអាចគ្រប់គ្រងបាន នាឱកាសទិវាទេសចរណ៍អាស៊ាន ២០២២ នាខែមករា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ដើម្បីអាចជួបទំនាក់ទំនងធុរៈកិច្ចជាមួយក្រុមទេសចរណ៍កម្ពុជា ក៏ដូចក្រុមហ៊ុនក្នុងតំបន់ផងដែរ។
ទី៣៖ រៀបចំឲ្យមានសិក្ខាសាលាធុរៈកិច្ចទេសចរណ៍វាងប្រទេសទាំងពីរ។
ទី៤៖ រៀបចំជំរុញឲ្យមានការហោះហើរត្រង់ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ ។
ទី៥៖ ពិនិត្យរៀបចំកម្មវិធីឆ្នាំ២០២២ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-រុស្ស៊ី ដើម្បីអបអរសាទរខួបទី៦៦ នៃចំណងការទូតនៃប្រទេសទាំងពីរ។
ទី៦៖ ពិនិត្យរៀបចំបន្តកម្មវិធីការងាររួមកម្ពុជា-រុស្ស៊ីលើវិស័យទេសចរណ៍ តាមរយៈការចុះអនុស្សរណយោគយល់ លើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-រុស្ស៊ី។
ទី៧៖ ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍ ការបង្កើតផលិតផលថ្មី ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
ទី៨៖ គាំទ្រការររៀបចំកីឡាស៊ីហ្គ៊ាម ២០២៣ (SEA GAMES 2023) នៅកម្ពុជា ជាពិសេសការរៀបចំកីឡាលើទឹក និងក្រោមទឹក។
ទី៩៖ គាំទ្រឲ្យមានការវណ្ដុះបណ្ដាលមគ្គុទេ្ទសក៍និយាយភាសាររុស្ស៊ីតំបន់ឆ្នេរ។

លោក អាណាតូលី បូរ៉ូវិក ក៏បានបង្ហាញអំពីការពេញចិត្ត នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរកន្លងមក ក៏ដូចជាផែនការ និងយុទ្ធសាស្ត្រដាក់ចុះដោយរាជរដ្ឋាភិបាលនាពេលថ្មីៗ ជាការស្ដារវិស័យទេសចរណ៍ មានដូចជា៖ ផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា អំឡុង និងក្រោយវិបត្តិកូវីដ១៩ ឆ្នាំ២០២០-២០២៥, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី, យុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង, វិធាននយោបាយលើការជំរុញទេសចរផ្ទៃក្នុង, ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍នានា (SOP) នានាជាដើម។

លោក ថោង ខុន បានបញ្ជាក់ថា ផ្អែកតាមទំនាក់ទំនងមិត្តភាព ជាប្រវត្តិសាស្ត្រ និងសមិទ្ធិផលកន្លងមក កម្ពុជានឹងមានលទ្ធភាព ទាក់ទាញទេសចរ រុស្ស៊ីបន្ថែមទៀត ដែលមុនវិបត្តិកូវីដ១៩ កំណើនពលរដ្ឋរុស្ស៊ីមកទស្សនានៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ រហូតជាងកន្លះលាននាក់ ហើយចំនួននេះនឹងអាចកើនឡើងខ្ពស់ថែមទៀត ដោយរុស្ស៊ី ជាប្រភាពទីផ្សារដ៏ធំ មានប្រជាជនជាង ១៤៦លាននាក់ ៕