ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
ភ្នំពេញ៖ ព្រះរាជសារទី២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥០ ព្រះមហាក្សត្រសីហនុ ផ្ញើជូនលោកស្នងការបារាំងប្រចាំប្រទេសកម្ពុជា មានខ្លឹមសារជាអាទិ៍ថាព្រះអង្គសូមអំពាវនាវជាថ្មីម្តងទៀតចំពោះលោកស្នងការ ស្ដីពីបញ្ហាអតីតនាយករដ្ឋមន្ត្រីសឺង ង៉ុកថាញ់ សូមលោកមេត្តាស្នើទៅលោកស្នងការជាន់ខ្ពស់បារាំងប្រចាំនៅឥណ្ឌូចិន ដើម្បីឲ្យលោកជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលបារាំង សុំឲ្យលើកលែងទោសចំពោះសឺង ង៉ុកថាញ់ ទាំងស្រុង។
ព្រះរាជសារទី២ ព្រះអង្គបានរម្លឹកលោកស្នងការបារាំងប្រចាំប្រទេសកម្ពុជា ថា ករណីស្នើសុំលើកលែងទោសនេះត្រូវបានពិនិត្យរួចហើយនៅក្នុងអំឡុងពេលព្រះអង្គយាងទៅបំពេញទស្សនកិច្ចនៅក្រុងប៉ារីស កន្លងមកនេះ ដែលពេលនោះ រដ្ឋាភិបាលបារាំង បានយល់ព្រមឈប់ឱ្យមានការតាមឃ្លាំមើលសឺង ង៉ុកថាញ់ ទៀតហើយ។ ឯសឺង ង៉ុកថាញ់ វិញក៏បានសន្យាថា នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ គាត់នឹងបោះបង់ចោលជាស្ថាពរនូវរាល់សកម្មភាពនយោបាយទាំងអស់។
ព្រះរាជសារទី២នេះដែរ ព្រះអង្គបញ្ជាក់ថា ព្រះអង្គឈ្វេងយល់ថា ព្រះរាជាណាចក្រកម្ពុជា ត្រូវការចាំបាច់នូវវីរជនដែលមានសមត្ថភាព ហើយព្រះអង្គជឿជាក់ថា ពេលសឺង ង៉ុកថាញ់ ត្រឡប់មកវិញ គាត់នឹងមិនធ្វើសកម្មភាពអ្វីបន្តទៅទៀត ដែលនាំឲ្យខាតបង់ដល់ផលប្រយោជន៍របស់ប្រទេសបារាំង និងសហភាពបារាំង ឬបង្កឧបសគ្គអ្វីមួយដល់រដ្ឋាភិបាលកម្ពុជានោះដែរ។
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៥០ សឺង ង៉ុកថាញ់ បានសរសេរលិខិតមួយស្នើឲ្យព្រះមហាក្សត្រសីហនុ ជួយធ្វើអន្តរាគមន៍ដើម្បីឲ្យមានការដោះលែងគាត់ដោយគ្មានលក្ខខណ្ឌ និងបានវិលត្រឡប់មកមាតុប្រទេសវិញ ដោយគាត់បានធានាអះអាងពីទឹកចិត្តស្វាមីភក្តិរបស់គាត់ចំពោះព្រះអង្គជាថ្មីម្ដងទៀតផងដែរ។
ព្រះរាជសារទី៣ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៥០ ព្រះមហាក្សត្រសីហនុ ផ្ញើជូនរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងជាមួយសមាគតរដ្ឋ មានខ្លឹមសារដោយសង្ខេបថា ជាច្រើនលើកមកហើយ ដែលព្រះអង្គបានធ្វើអន្ដរាគមន៍សុំឱ្យអាជ្ញាធរបារាំង លើកលែងទោសចំពោះសឺង ង៉ុកថាញ់ ពិសេសនៅដើមឆ្នាំ១៩៥០ខាងមុខនេះ សូមឱ្យអាជ្ញាធរបារាំង មេត្តាលើកលែងទោសទាំងស្រុងទៅលើជនកម្ពុជារូបនេះ។
ព្រះអង្គសង្ឃឹមថា ពេលវេលាបានមកដល់ហើយ ដើម្បីរំលឹកឡើងវិញពីបញ្ហាស្នើសុំឱ្យសឺង ង៉ុកថាញ់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយឥតលក្ខខណ្ឌ។ ព្រះអង្គជឿជាក់ថា ការទុកចិត្តគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសឺង ង៉ុកថាញ់ នោះ ត្រូវបានវាយតម្លៃជាពិសេសដោយប្រជារាស្រ្តកម្ពុជាទាំងអស់។
ជាមួយគ្នានោះព្រះអង្គក៏សូមសម្ដែងនូវការសង្ឃឹម និងដឹងគុណចំពោះរដ្ឋមន្ត្រីបារាំង ទទួលទំនាក់ទំនងជាមួយសមាគតរដ្ឋ ថា លោកនឹងជួយដោះស្រាយបញ្ហានេះឱ្យបានសម្រេចផងដែរ។
ព្រះរាជសារទី៤ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៥១ ព្រះមហាក្សត្រសីហនុ ផ្ញើជូនប្រធានាធិបតីបារាំង មានខ្លឹមសារជាអាទិ៍ថា លោកប្រធានាធិបតី! ខ្ញុំសូមអំពាវនាវជាថ្មី សូមលោកប្រធានាធិបតីមេត្តាសន្ដោសប្រណីលើកលែងទោសទាំងស្រុងចំពោះសឺង ង៉ុកថាញ់ និងសុំឱ្យគាត់បានវិលត្រឡប់មកប្រទេសកម្ពុជា វិញ។
ព្រះអង្គបានបញ្ជាក់នៅក្នុងព្រះរាជសារទី៤នោះថា សំណុំរឿងរបស់សឹង ង៉ុកថាញ់ បានផ្ញើជូនលោកប្រធានាធិបតីរួចហើយតាមឋានានុក្រម នៅដំណាច់ខែធ្នូ ឆ្នាំ១៩៥០ ហើយព្រះអង្គបានយកបញ្ហានេះជម្រាបជូនលោករដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងជាមួយសមាគតរដ្ឋ តាមរយៈលិខិតចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៥០ រួចហើយដែរ។
ព្រះអង្គជឿជាក់ថា ការទុកចិត្តគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសឺង ង៉ុកថាញ់ នោះ ត្រូវបានវាយតម្លៃជាពិសេសដោយប្រជារាស្រ្តកម្ពុជាទាំងអស់។
ឆ្លើយតបតាមការស្នើសុំម្ដងហើយម្ដងទៀតរបស់ព្រះមហាក្សត្រនរោត្តម សីហនុ បារាំងបានអនុញ្ញាតឲ្យសឺង ង៉ុកថាញ់ វិលត្រឡប់មកប្រទេសកម្ពុជាវិញ។
មជ្ឈដ្ឋានខ្លះយល់ថា ការអនុញ្ញាតឲ្យសឺង ង៉ុកថាញ់ វិលត្រឡប់មកវិញនេះ ពួកមន្រ្តីបារាំង និងព្រះមហាក្សត្រនរោត្តម សីហនុ អាចរម្ងាប់ចិត្តគាត់បានខ្លះ ក្នុងការប្រឆាំងនឹងបារាំង ហើយក៏អាចធ្វើឲ្យគណបក្សប្រជាធិបតេយ្យកាន់តែមានការរង្គោះរង្គើបែកបាក់ចុះខ្សោយទៀតផងដែរ៕