(ភ្នំពេញ)៖ ក្រោយពីជនរងគ្រោះដាក់ពាក្យប្ដឹងលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD រឿងឆបោកប្រាក់ចំនួន១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍ F1 នៃគម្រោង ឌឺសាគូរ៉ាផាក ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត និងមានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានក្នុងស្រុក ឥឡូវនេះមេធាវីរបស់លោកឧកញ៉ា នួន អក បានចេញលិខិតបំភ្លឺ និងគំរាមអ្នកកាសែតដែលហ៊ានផ្សាយការពិតឲ្យលុបរឿងអាស្រូវនោះជាកំហិត។
លិខិតចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ា នួន អក បានចាត់ទុកថា ការចុះផ្សាយអត្ថបទរឿងអ្នកទិញដីឈ្មោះ ឡុង សុភ័ក្រ្ត ភេទស្រី អាយុ៣៧ឆ្នាំ កាលពីម្សិលមិញ បានដាក់ពាក្យប្ដឹងឧកញ៉ា នួន អក ទៅកាន់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារក្នុងការលក់ដីខ្យល់ នៅខេត្តកំពតនោះ ជារឿងមិនពិតនោះទេ។
មេធាវី គឹម វិញ្ញូរិទ្ធ បានចាត់ទុកការផ្សាយរបស់អ្នកកាសែតរឿងលោកឧកញ៉ា នួន អក ត្រូវអតិថិជនប្ដឹងករណីឆបោកប្រាក់ គឺជាការចុះផ្សាយខុសពីការពិត ដើម្បីទាញយកប្រយោជន៍ពីលោកឧកញ៉ា នួន អក។
នៅចុងលិខិត ដែលមានពីរទំព័រមេធាវី គឹម វិញ្ញូរិទ្ធ បានគំរាមចាត់វិធានការច្បាប់ប្រសិនបើអ្នកកាសែត និងអ្នកលេង Facebook នៅតែបន្តការផ្សាយរឿងអាស្រូវមួយនេះ ហើយមិនព្រមលុបចោលវិញក្នុងរយៈពេល២៤ម៉ោងចាប់ពីពេលជូនដំណឹងនេះ។
ក្រោយពីឃើញលិខិតរបស់មេធាវីរូបនេះ ម្ចាស់បណ្តឹងបានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីមានការចុះផ្សាយរបស់អ្នកកាសែតពាក់ព័ន្ធករណីលក់-ទិញដីនេះ កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ ស្រាប់តែនៅវេលាទៀបភ្លឺថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧកញ៉ា នួន អក បានឲ្យកូនចៅរបស់ខ្លួនផ្ញើលុយទៅសងដើមបណ្ដឹងដើម្បីបញ្ចប់វិវាទ។
ប្រភពបន្ថែមថា ក្រោយពេលកាសែតចុះផ្សាយរឿងអ្នកស្រីប្ដឹងទារលុយភ្លាម គឺឧកញ៉ា នួន អក បានហៅទូរស័ព្ទទៅគាត់ និងមេធាវីរបស់គ ដើម្បីសុំចចារបញ្ចប់រឿងរាប់សិបដង ប៉ុន្តែជនរងគ្រោះមិនព្រមសម្របសម្រួលជាមួយ ទើបនៅវេលាទៀបភ្លឺ និងព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា នួន អក ប្រើប្រាស់គណនីធនាគារឈ្មោះ CHHORN SREYNECH លេខ 000 483 492 ផ្ញើលុយចូលទៅគណនីរបស់ជនរងគ្រោះ ចំនួនពីរលើក សរុបចំនួន៣៥,១៦០ដុល្លារ ដោយដាក់នៅចំណុច REMARK ថា ប្រាក់ព្រមព្រៀងបញ្ចប់វិវាទរវាងឧកញ៉ា នួន អក និងលោកស្រី ឡុង សុភ័ក្ត្រ ថែមទៀតផង។
ជនរងគ្រោះ បន្ថែមថា លុយសរុប៣៥,១៦០ដុល្លារនោះ ទំនងជាលោកឧកញ៉ា នួន អក សងលោកស្រី ចំនួន ១១,៧២០ដុល្លារ ជាលុយ ដែលលោកស្រីកក់ក្នុងការទិញដីឡូតិ៍ F1 និងលុយចំនួន២៣,៤៤០ដុល្លារ ទៀតទំនងជាលុយសំណងជំងឺចិត្ត ដែលលោកស្រីទាមទារនៅក្នុងបណ្ដឹង ដែលលោកស្រីដាក់ជូនលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។
ប្រសិនបើរឿងជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជាលោកឧកញ៉ា នួន អក ព្រមសងជនរងគ្រោះ ទាំងប្រាក់កក់ និងប្រាក់ជំងឺចិត្ត ដែលជនរងគ្រោះប្ដឹងទាមទារ?
ប្រសិនបើរឿងជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជាលោកឧកញ៉ា នួន អក ខំហៅទូរស័ព្ទលេខ០៦១ ៨៧៥ ៥៥៥ និងលេខ០១៥ ៨៧៥ ៥៥៥ ទៅជនរងគ្រោះ និងមេធាវីរបស់ជនរងគ្រោះជាច្រើនលើកច្រើនសារទាំងយប់ដើម្បីសុំបញ្ចប់រឿង?
ប្រសិនបើរឿងជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជា លោកឧកញ៉ា នួន អក ឲ្យកូនចៅផ្ញើលុយទៅសងជនរងគ្រោះ ដោយមិនរងចាំលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កោះហៅទៅបើកសវនាការតទល់គ្នាជាសាធារណៈ ផ្សាយផ្ទាល់ឱ្យមហាជនបានដឹង និងបានឃើញការពិត ថាអ្នកណាខុសអ្នកណាត្រូវ? បែរជាស្នើសុំឱ្យជនរងគ្រោះទៅដកពាក្យបណ្ដឹងនោះមកវិញ? ឬក៏លោកឧកញ៉ាខ្លាចការពិតមិនហ៊ានទៅតទល់គ្នាចំពោះមុខអភិបាលខេត្ត ទើបបានជាលោកឧកញ៉ា ចោទប្រកាន់ថា អ្នកកាសែតចុះផ្សាយរឿងគេប្ដឹងកូនក្តីរបស់ខ្លួន ដោយអះអាងថា ជារឿងមិនពិតទៅវិញ?
សារព័ត៌មាន Daily-Khmer មិនអាចសុំការបកស្រាយពីលោកឧកញ៉ា នួន អក និងលោកមេធាវី គឹម វិញ្ញូរិទ្ធ បានទេ។
ពាក្យបណ្ដឹងបានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខ្លួនបានសម្រេចចិត្តទិញ (មើលតែលើក្រដាសនៅការិយាល័យលក់នៅក្រុងភ្នំពេញ) ដីមួយកន្លែង ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក ស្ថិតក្នុងគម្រោងឈ្មោះថា ឌីសាគូរ៉ាផាក ឡេន គឺដីឡូតិ៍លេខF3 មានទំហំ៨០០ម៉ែត្រក្រឡា ក្នុងតម្លៃលក់សរុប គឺ ២៤,០០០ដុល្លារ ហើយបានកក់ប្រាក់ចំនួន១០,០០០ដុល្លារ។
ដោយសារតែទីតាំងដីឡូតិ៍លេខF3ខាងលើនេះ ស្ថិតនៅជិតចំណតរថយន្ត និងមានភាពអ៊ូអរពេក ប៉ុន្តែជនរងគ្រោះចង់ធ្វើផ្ទះលំហែរ និងមិនចង់អ៊ូអរ ទើបស្នើសុំក្រុមហ៊ុនប្តូរទីតាំងដី ទៅកន្លែងផ្សេង ដែលមានទំហំធំជាងមុន និងស្ថិតនៅទីតាំងខាងក្រោយគេ ដោយឯកភាពគ្នាបង់ប្រាក់តាមទំហំ ដែលធំជាងតាមរយៈការចរចារពីបុគ្គលិកក្រុមហ៊ុន ទទួលបន្ទុកផ្នែកលក់ឈ្មោះ ហាក់ ចាន់ថេង និងឈ្មោះ ឡុក ម៉េងឡុង។
ដីឡូតិ៍ថ្មីនេះ នៅទីតាំងថ្មី គឺលេខF1 មានទំហំ៩២០,០៣ម៉ែត្រក្រឡា ដែលក្រុមហ៊ុនតម្រូវឲ្យជនរងគ្រោះកក់ប្រាក់បន្ថែមចំនួន ៨,៤៤០ដុល្លារ លើប្រាក់កក់១០,០០០ដុល្លារកាលពីពេលមុន។ ក្រោយមកនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ អ្នកស្រី ឡុង សុភ័ក្រ្តបានកក់ប្រាក់ចំនួន៥,០០០ដុល្លារបន្ថែម ដែលសរុបទៅការទូទាត់ប្រាក់កក់នេះ មាន៣លើក សរុបជាទឹកប្រាក់ចំនួន២៣,៤៤០ដុល្លារ ដោយផ្ទេរតាមរយ:ធនាគារ ABA ចូលគណនីធនាគាររបស់លោកឧកញ៉ា នួន អក លេខ៖ 000246453។
ក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក បានសន្យាថា បន្ទាប់ពីប្រគល់ប្រាក់កក់រួចរយៈពេល ៣០ថ្ងៃ អ្នកស្រីអាចប្រើប្រាស់ដី និងអាស្រ័យផល ដោយមានការចាក់ដីលុបរួចរាល់ មានប្រព័ន្ធទឹកស្អាត តភ្ជាប់ប្រព័ន្ធភ្លើងរដ្ឋ មានប្រព័ន្ធលូ និងផ្លូវបេតុងរួចរាល់។
ប៉ុន្តែការសន្យានេះ គឺវាគ្រាន់តែជាការកុហក់បោកប្រាស់ជនរងគ្រោះតែប៉ុណ្ណោះ ពោលគឺនៅពេលគ្រប់៣០ថ្ងៃ ជនរងគ្រោះសុំបង់លុយបង្គ្រប់ថ្លៃដី ដើម្បីទទួលដីយកទៅប្រើប្រាស់ បែរជាក្រុមហ៊ុនគ្មានដីដូចការសន្យា និងបង្ហាញលើក្រដាសប្រកាសលក់ឡើយ ពោលគឺគម្រោងដីឡូតិ៍ ឈ្មោះ ឌឺសាគូរ៉ា ផាក ឡេន គឺនៅជាវាលស្រែ មិនទាន់មានការចាក់ដី និងរៀបចំអ្វីទាំងអស់។
ដោយសារតែក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា មិនគោរពតាមសន្យា និងមិនមានទីតាំងដីច្បាស់លាស់ប្រគល់ជូនអ្នកទិញ ទើបអ្នកស្រីសុំឲ្យក្រុមហ៊ុននេះប្រគល់លុយកក់ទាំងអស់នោះត្រឡប់មកវិញ។
ក្រុមហ៊ុន BLUE BAY LAND DEVELOPMENT បានព្រមព្រៀងជាមួយអ្នកស្រី ដើម្បីធ្វើការបញ្ចប់វិវាទ ដោយធ្វើលិខិតបញ្ជាក់ការទូទាត់ប្រាក់ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយសន្យាសងប្រាក់វិញជាពីរដំណាក់កាលគឺ៖
-ដំណាក់កាលទី១ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ (ជនរងគ្រោះទទួលបានរួចហើយ)
-ដំណាក់កាលទី២ គឺក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។
ប៉ុន្តែមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងក្រុមហ៊ុន BLUE BAY LAND DEVELOPMENT មិនទាន់បានអនុវត្តកាត្វកិច្ចបង់ប្រាក់ដំណាក់កាលទី២ មកឲ្យជនរងគ្រោះឡើយ ទោះបីជាជនរងគ្រោះព្យាយាមទាក់ទងទៅបុគ្គលិកក្រុមហ៊ុន និងទៅដល់ទីតាំងក្រុមហ៊ុនយ៉ាងណាក្តី ក៏ក្រុមហ៊ុនមិនមានការឆ្លើយតបទៅជនរងគ្រោះនោះទេ។
អ្នកស្រី ឡុង សុភ័ក្រ្ត បានចាត់ទុកថា សកម្មភាពនៃការគេចវេស និងការមិនបំពេញកាតព្វកិច្ចឲ្យទាន់ពេលវេលាកំណត់ដែលធ្វើឡើងដោយក្រុមហ៊ុននេះ គឺបានឆ្លុះបញ្ចាំងនូវចេតនាទុច្ចរិតយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនគ្មានការទទួលខុសត្រូវចំពោះអតិថិជន ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុននៃគម្រោងឈ្មោះឌីសាគូរ៉ា ផាក លេន។
ដោយសាររងអំពើអយុត្តិធម៌ពីក្រុមហ៊ុនរបស់លោកឧកញ៉ា នួន អក ទើបអ្នកស្រីសម្រេចដាក់ពាក្យប្ដឹងសុំលោកអភិបាលកំពត ជួយដោះស្រាយតាមច្បាប់៕