ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០២១ រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

(ភ្នំពេញ)៖ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (Corporate Social Responsibility – CSR) ឆ្នាំ២០២១ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក​ សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិ​ភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក​ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ថាស៊ីឡូ ប្រ៊ីនស័រ (Tassilo Brinzer) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សហគ្រិន ធុរជន និងវិនិយោគិនជាច្រើនរូបផងដែរ។ លោក​រដ្ឋមន្រ្តី បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម ពីសំណាក់សហគ្រិនវ័យក្មេង ធុរជន មីក្រូសហគ្រាស សហគ្រាសខ្នាតមធ្យម វិនិយោគិន និងបណ្តាអ្នកពាក់ព័ន្ធនៅក្នុងសង្គមកម្ពុជា ដែលកត្តានេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងសង្គមកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និរន្តភាព និងបរិយាប័ន្ន។
លោក​រដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការគាំទ្រ និងលើកកម្ពស់ CSR នៅក្នុងសង្គមធុរកិច្ចនៅកម្ពុជា ជាក់ស្ដែងក្រសួងពាណិជ្ជកម្មបានសម្រេចនូវសមិទ្ធិផលបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ក្នុងពេលថ្មីៗនេះ រួមមាន៖ ការផ្តល់សច្ចាប័នលើច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិថ្មីៗដ៏ទៃទៀតពាក់ព័ន្ធនឹងយន្តការគាំទ្រដល់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម CSR។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យមានអ្នកចូលរួមបន្ថែមទៀតពីសំណាក់ សហគ្រិនជាតិ និងអន្តរជាតិ ក្នុងកិច្ចការ CSR ក៏ដូចជាការចូលរួមសហការពីដៃគូអភិវឌ្ឍន៍នានា ឱ្យបានច្រើនថែមមួយកម្រិតទៀត។
លោក​​រដ្ឋមន្ត្រី បានអបអរសាទរដល់គ្រប់ជ័យលាភីទាំងអស់ ដែលទទួលបានពានរង្វាន់ សម្រាប់ក្នុងគ្រប់ផ្នែក ហើយបានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អ្នកចូលរួមគ្រប់រូប ដែលបានញាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ និងមោទនភាព៕