ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក​​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា​។
ក្នុងជំនួបនោះ លោក​​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) បានគោរពជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា លោក​ ពិតជាមានក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។

លោក​​បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាមនាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាមក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

លោក​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេង។

ក្នុងឱកាសនោះផងដែរ  ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា បានសន្យាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មកា​ទូតនៅកម្ពុជា លោក​​នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ​១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណចំពោះ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ដែលបានពាំនាំពាក្យផ្ញើផ្ដាំសួរសុខទុក្ខ ពីថ្នាក់ដឹកនាំវៀតណាម បានសំដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះ លោក​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជានាពេលនេះ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងន័យនេះ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចក៏បានស្នើឲ្យ លោក​ ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ និងបានជូនពរឲ្យលោក​​ ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេស​កកម្មកាទូតនៅក្នុងប្រទេសកម្ពុជា៕