ភ្នំពេញ៖ នៅក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣(ASEM-13) សម្ដេចតេជោ បានបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM របស់យើង។
សម្ដេចតេជោបានរំលេចនូវសារសំខាន់ៗដូចខាងក្រោម:
១- យើងសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនិងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។ យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM
ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
២- អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។
៣- យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានឡើងពីមុនមកដោយបណ្ដាលមកពីជម្ងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយមគឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជនក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋគួរតែជាអាទិភាពរបស់យើង។
៤- ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា ក្នុងន័យនេះយើងបានសំដែងនូវការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដោយរលូន និងគ្មានការរាំងស្ទះ ដូចជាការជំរុញនូវឌីជីថលូបយនីកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។
៥- យើងភាគច្រើនបានប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បៃតង និងកម្រិតកាបូនទាបដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដីមិនឲ្យលើសពី១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ក្នុងន័យនេះ ការផ្ដល់ជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវជាអាទិភាពមួយ។
៦- (ជាចុងក្រោយ ) យើងបានឯកភាពគ្នាថារយៈពេល២៥ ឆ្នាំកន្លងមកនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី- អឺរ៉ុបក្នុងការបោះជំហានទៅមុខឆ្ពោះទៅរកអនាគតមួយដែលភ្លឺថ្លាជាងមុន មានបរិយាបន្នជាមុន និងធន់ជាងមុន៕