ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីជំនាញរបស់ចិន កំពុងសិក្សាលក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យលើផ្លែមៀន និងសាច់ត្រីប្រាបស់កម្ពុជា

ភ្នំពេញ​៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបានប្រកាសថា ពេលនេះមន្ត្រីជំនាញរបស់ចិន កំពុងសិក្សាលក្ខខណ្ឌបច្ចេកទេស ភូតគាមអនាម័យលើផ្លែមៀន និងសាច់ត្រីប្រារបស់កម្ពុជា ដើម្បីបើកឱកាសក្នុងការនាំចូលទៅកាន់ប្រទេសចិន។

ការប្រកាសនេះ ខណៈដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ថ្ងៃចន្ទទី៦ ខែធ្នូ ឆ្នាំ២០២១ ។ ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង។


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាព និងបានអបអរសាទរនូវសមិទ្ធផលផ្លូវជាតិ១ខ្សែទៀតសម្រាប់បងប្អូនប្រាជាពលរដ្ឋនៅខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវនាពេលនេះ គឺជាការបង្ហាញចេញពីសមិទ្ធផលដែលកើតចេញពីប្រទេសមានសុខសន្តិភាព និងកើតចេញពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិនផងដែរ។

សម្តេចតេជោ បាន ថ្លែងអំណរគុណប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលតែងតែគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមកដល់ពេលនេះ ចិន ជួយសាងសង់ផ្លូវជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានជាច្រើនទៀត។