ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេស»

(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែ​កបទពិសោធន៍ក្រោមប្រធានបទ «បរិ​ប​ទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេស» តាមប្រព័ន្ធអនឡាញ ZOOM។

វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈ​កម្មាធិការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី (ICC) ដែលនឹងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការទទួលបានធាតុចូលបន្ថែមសម្រាប់តាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការរួមបញ្ចូលគ្នានៃធុរកិច្ច»។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន ក.ប.ប.បានថ្លែងអំណរគុណដល់គណៈកម្មាធិ​ការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី(ICC) ដែលបានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ចំនួន៣ រួមមាន៖ (១)-ក្របខណ្ឌច្បាប់និងការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសឥណ្ឌូនេស៊ី (២)-ការជូនដំណឹងអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និង(៣)-ការចេញសេចក្តីសម្រេច ការហាមឃាត់ និងការពិន័យលើការរួមបញ្ចូលគ្នានៃធុរកិច្ច។
លោក​​ប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងទទួលបាននូវធាតុចូលសំខាន់ៗមួយចំនួន ដើម្បីដាក់បញ្ចូលបន្ថែមនៅក្នុងការតាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «លក្ខខណ្ឌនិងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច» របស់ខ្លួនដែលកំពុងរៀបចំនាពេលបច្ចុប្បន្នឱ្យកាន់តែមានសង្គតិភាព និងសមស្របក្នុងបរិបទកម្ពុជា បរិបទតំបន់ និងបរិបទអន្តរជាតិ។
លោក​​ប្រតិភូរាជរដ្ឋាភិបាល បានស្នើសុំឱ្យគណៈកម្មាធិការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី ពិនិត្យនូវលទ្ធភាពបន្តនូវការចែករំលែកបទពិសោធន៍ ក៏ដូចជាបន្តការបណ្ដុះបណ្ដាលផ្សេងទៀតជូនដល់អគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលនឹងលេចរូបរាងនាពេលដ៏ខ្លីខាងមុខ៕