ព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះផ្អាកជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្មកាស៊ីណូ មួយកន្លែងរបស់ជនជាតិចិន ក្រោយពីដឹងច្បាស់ថា បនល្បែងមួយនេះប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។
បងល្បែង ត្រូវបានបង្ខំឲ្យបិទអាជីវកម្មនេះ ឈ្មោះ ទីងស៊ីង ស្ថិតនៅលើផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមអ្នកនាំពាក្យរបស់សាលា
ខេត្តព្រះសីហនុ បានឲ្យដឹងថា ការផ្អាកបង្ខំឲ្យផ្អាកអាជីវកម្មាជាបណ្តោះអាសន្ន គឺបន្ទាប់ពីរកឃើញកាស៊ីណូនេះ បំពានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយ។
លោក ឃាង ភារម្យ អ្នកនាំពាក្យបានបញ្ជាក់ថា «យោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹងរបស់ភាគីជនរងគ្រោះ»។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលនេះ ស្នងការនគរបាលខេត្ត នឹងចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រងទីតាំងនោះ ដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត អង្កេតស្រាវជ្រាវបានចប់សព្វគ្រប់ និងមិនអនុញ្ញាតឲ្យមានផ្ទេរសិទ្ធិ លក់ ជួល បញ្ចាំ ឬធ្វើអំណោយទីតាំងនោះទៅជាឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និយោជិតរួចរាល់សិន។
លោក ឃាង ភារម្យ បានព្រមានពីវិធានការផ្លូវច្បាប់ថា «ករណីមិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការច្បាប់ជាធរមាន»៕