ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានិងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិ មានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោដែលកើតឡើងពីចំណងមិត្តភាពកម្ពុជា-ចិនជាជំនួយឥតសំណងពីមិត្តចិនដែលស្ថិតក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
វិមានកីឡដ្ឋានបានសាងសង់លើទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំ ណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្ស នាបានរហូតដល់៦ម៉ឺននាក់ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិនិងអន្តរជាតិធំៗកម្រិតពិភពលោក។ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ា នប៉ារ៉ាហ្គេមនៅកម្ពុជានាឆ្នាំ២០២៣ខាងមុខ ។
លោក Wang Wentian បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធ ផលនៃចំណងមិត្តភាពកម្ពុជា-ចិនគឺវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរត កតេ ជោ នាពេលនេះ។លោកបានមានប្រសាន៍ថា នៅសល់តែ៥០២ថ្ងៃទៀតកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម (SEA GAME 2023 )លើកដំបូងនៅទីនេះ។
ពេលនោះអត្តពលិកដែលមកពីបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍នឹងជួបជុំគ្នានៅទីនេះបង្ហាញនិងស្វែងយល់ពីជំនាញនៃវិស័យកីឡា ដែលនៅពេលនោះទាំងតំបន់អាស៊ី និងពិភពលោកនឹងចោលក្រសែភ្នែកមកលើកម្ពុជា ជឿជាក់ថាកម្ពុជានឹងអាចធ្វើឲ្យការប្រកួតកីឡានេះក្លាយជាព្រឹត្តិ ការណ៍ប្រកួតដ៏អស្ចារ្យ ដែលបង្ហាញពីមុខមាត់ជាតិ លើកកម្ពស់ការអភិវឌ្ឍន៍ជាតិ និងជំរុញស្មារតីប្រជាជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយមកដល់ប្រទេសកម្ពុជា។សម្ដេចតេជោបានថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ ដែលព្រះ អង្គបានផ្ដើមកសាងទំនាក់ទំនងដ៏ល្អជាមួយប្រទេសចិន ហើយបានបន្សល់ទុកនូវកេរមរតកទំនាក់ទំនង រវាងប្រទេសទាំងពីរដល់កូនចៅជំនាន់ក្រោយ។
សម្ដេចតេជោ បានថ្លែងថា សមិទ្ធផលពហុកីឡដ្ឋានជាតិដែលកម្ពុជាទទួលបាននាពេលនេះ មិនធំធេងដល់ជម្រៅចិត្តរដ្ឋាភិបាលនិងប្រជាជនចិនផ្ដល់ជូនកម្ពុជានោះទេ។ សម្ដេចតេជោបានផ្ដាំផ្ញើតាមរយៈអគ្គរដ្ឋទូតចិនដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន សម្រាប់ទឹកចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយដល់កម្ពុជានាពេលនេះ។
ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានបន្តជំរុញឲ្យបន្តចាក់វ៉ាក់សាំងដល់ការជាពលរដ្ឋកម្ពុជា ជាពិសេសមនុស្សចាស់ និងកុមារ ព្រោះជំងឺកូវីដ-១៩ មិនទាន់ចប់ទេ។
សម្ដេចតេជោបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំមានការភ័យស្លន់ស្លោខ្លាំងពេកជាមួយនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង គេត្រូវតែអនុវត្តវិធានការការពារជាប់ជានិច្ច។
សម្តេចតេជោ ហ៊ុន សែន អរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអបអរសាទរនូវសមិទ្ធផលជាតិដ៏ធំនាថ្ងៃនេះ និងជូនពរឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕