ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សកម្មភាពគ្រឿងចក្រ ដែលគេប្តឹងថា​ ជារបស់ក្រុមកម្មករនៃឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងខេត្តព្រះសីហនុ ដើម្បីយកជាកម្មសិទ្ធិដោយមិនខ្វល់ពីបណ្តឹងព្រហ្មទណ្ទនៅតុលាការឡើយ។

អ្នកស្រី ជ័យ​​ សុគន្ធា អាយុ៤៧ឆ្នាំ ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្រវែង៣០ម៉ែត្រ និងបណ្តោយប្រវែង៤០ម៉ែត្រ នៅភូមិគគីរ ឬគេល្បីហៅថា​ ពយម៉ាចូវ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រើគ្រឿងចក្រវាយបំផ្លាញរបងរបស់អ្នកស្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

យោងតាមបណ្តឹងរបស់អ្នកស្រី ដាក់ចូលអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រីបានឃើញជនល្មើសមួយក្រុម ដែលជាកម្មកររបស់ក្រុមហ៊ុនជនជាតិចិនឈ្មោះ ហ្វូហាយ ដែលមានលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ជាតំណាង បានធ្វើសកម្មភាពប្រើគ្រឿងចក្រវាយកម្ទេចរបងដីរបស់អ្នកស្រី ដោយគ្មានការជូនដំណឹងដល់ម្ចាស់ដី ឬមិនមានការចូលរួមអនុវត្តពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។

អ្នកស្រី ជ័យ​ សុគន្ធា បានជម្រាបប្រាប់លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តថា «សកម្មភាពនេះបានបង្កការភ័យខ្លាចជាខ្លាំងមកលើនាងខ្ញុំជាម្ចាស់ដី ហើយសកម្មភាពនេះបានបង្ហាញពីសកម្មភាពប្រព្រឹត្តយ៉ាងអនាធិបតេយ្យ បំពានច្បាប់នៃប្រទេសកម្ពុជាជាធរមាន។

«អំពើរបស់ឈ្មោះ លឹម ស៊ីណា និងឈ្មោះ រតន សម្បត្តិ ពិតជាអាចកំណត់បានជា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានប្រើប្រាស់គ្រឿងចក្រ។ សំណូមពរ សូមផ្តន្ទាទោសឈ្មោះ លឹម​ ស៊ីណា និងឈ្មោះ រតន សម្បត្តិ តាមច្បាប់ជាធរមាន [និង] ទាមទារសំណងជំងឺចិត្ត និងការខូចខាតពីរលានដុល្លារអាមេរិក»។

ចំណែកនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី បានសរសេរពាក់ព័ន្ធនឹងករណីនេះថា «ប្រទេសមានច្បាប់ ការពង្រឹងនិីតិរដ្ឋគឺជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ភាពអសកម្មពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅកម្ពុជាដែលជាជំងឺសង្គមដ៏រ៉ាំរ៉ៃ ធ្វើឲ្យពិបាកដល់ប្រមុខរាជរដ្ឋាភិបាល។ សូមនាំគ្នាគោរពច្បាប់ នោះទើបដំណើរការនីតិរដ្ឋទទួលបានជោគជ័យ »។

ពាក់ព័ន្ធករណីក្រុមហ៊ុន ហ្វូហាយ វាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃនេះ ហើយម្ចាស់ដីស្រែកយំទ្រហឹងអឺងកង លោក ឃាង​ ភារម្យ អ្នកនាំពាក្យប្រចាំរដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃនេះ ហាក់ដូចជាមិនបានដឹងឡើយ នៅពេលអ្នកសារព័ត៌មានសាកសួរសុំការបំភ្លឺ​ ប៉ុន្តែលោកបែរជាសួរមកវិញថា តើអ្នកសារព័ត៌មានបានទៅដល់ទីតាំងដីវិវាទនោះ និងបានសិក្សាពីសាវតានៃវិវាទដណ្តើមដីគ្នាឬនៅ។

លោកបានមានប្រសាសន៍ថា «ពាក់ព័ន្ធរឿងដីពយម៉ាចូវនេះ វាច្រើនរឿងណាស់។ សំណុំរឿងដូចដឹងហើយ។ វាមានដីខ្លះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យកាត់ឆ្វៀល ធ្វើប្រទានកម្ម។ វាមានដីខ្លះទៀត ជាដីនៅក្រៅគម្របព្រៃឈើ ប៉ុន្តែគ្មានប័ណ្ណចាស់ ហើយបើតាមដឹងថា វាមានការប្តឹងផ្តល់គ្នាទៅដល់តុលាការទៀត មានន័យថា នៅក្នុងនីតិវិធីរបស់តុលាការ ហើយរឿងខ្លះទៀត ក៏មានការដាក់ពាក្យស្នើសុំការដោះស្រាយមករដ្ឋបាលខេត្ត។ អ៊ីចឹង វាមានរឿងច្រើននៅតំបន់ហ្នឹង។ សំណុំរឿងច្រើនណាស់ អ៊ីចឹងហើយបានជាខ្ញុំចង់ដឹងថា អ្នកដែលបានទៅសម្ភាសហ្នុង គាត់នៅក្រុមមួយណា? ជួយបញ្ជាក់អ៊ីចឹងមក ដើម្បីឲ្យខ្ញុំជួយឆែកទៅជំនាញ ដើម្បីគេរកមើលថា សំណុំរឿងហ្នឹងវាយ៉ាងម៉េច បានទៅជាមានការទៅឈូសឆាយ។ វាមានសាលក្រម ការអនុវត្តសាលក្រម ឬក៏ជាទំនាស់ប៉ះទង្គិចគ្នារវាងក្រុមណាខ្លះ ហើយបើសួរជារួមបែបហ្នឹង ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ ព្រោះមិនដឹងទៅស្រមៃធ្វើម៉េច»។

ចំណែកលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺបានទេ រីឯអ្នកតំណាងដឹកនាំការឈូសឆាយ វាយកម្ទេចទ្រព្យសម្បត្តិអ្នកដទៃ ក៏មិនដឹងថា ជានរណាដែរ។

សូមរំឭកថា កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋជាង២០គ្រួសារ រស់នៅលើដីរបស់ខ្លួន ជាប់តំបន់ដី ដែលត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា កាលពីឆ្នាំ២០១៨ បានតវ៉ាសុំសិទ្ធិរស់នៅលើដីរបស់ខ្លួន។

ការតវ៉ានេះបានផ្ទុះឡើងក្នុងចំណោមប្រជាពលរដ្ឋរស់នៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃនេះ ពេលគ្រឿងចក្ររបស់ក្រុមហ៊ុនហ្វូហាយ តំណាងដោយបុរសជនជាតិខ្មែរ ដឹកនាំគ្រឿងចក្រ ទៅគស់កកាយបំផ្លាញផលដំណាំ និងរបងព្រំដីរបស់ពួកគាត់។

ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ពួកគាត់ ដែលតំណាងក្រុមហ៊ុនធ្វើសកម្មភាពឈូឆាយ កាយកាប់បំផ្លាញផលដំណាំ និងព្រុំរបងរឹងមាំ ហើយគ្មានអាជ្ញាធរជួយទប់ស្កាត់ ដើម្បីរកដំណោះស្រាយឲ្យបានសមរម្យជាមុនសិន។

អ្នកស្រី សៀង ង៉ូវ អាយុ៦០ឆ្នាំ ដែលកំពុងរស់នៅអាស្រ័យផលលើដីរបស់គាត់ជិត១០ឆ្នាំកន្លងមកហើយ បាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុនចង់បានដីរបស់គាត់ គឺជាទង្វើលោភលន់ហួសហេតុ ដោយមិនគិតពីផលប្រយោជន៍អ្នកដទៃ។

អ្នកស្រីបាននិយាយថា ដីរបស់អ្នកស្រីមានបណ្តោយ៣០ម៉ែត្រ និងទទឹង១២ម៉ែត្រ បែរជាតំណាងក្រុមហ៊ុន ហ្វូហាយ ដេញគាត់ចេញឲ្យទៅរស់នៅលើដីមានទំហំតូចជាង មានតម្លៃថោកជាង ហើយក៏គ្មានសំណងសម្រាប់ដំណាំ និងផ្ទះរបស់គាត់ដែរ។

ដោយឈឺចាប់ខ្លាំងពេក អ្នកស្រី សៀង ង៉ូវ បាននិយាយដោយហួសចិត្តថា «បើចាប់ខ្ញុំដាក់គុក ដាក់ចុះ ព្រោះខ្ញុំនឹងគ្មានផ្ទះទៀតផង»។

ខណៈពួកអ្នកភូមិកំពុងនិយាយប្រាប់អ្នកសារព័ត៌មាន ត្រូនរបស់ភាគីក្រុមហ៊ុន ហ្វូហាយ ក៏ហោះមកជិត ដើម្បីថតមុខពួកគាត់ និងមុខអ្នកសម្ភាសន៍ ហាក់ដូចជាសម្លុតឲ្យភ័យតែម្តង។

ទោះជាត្រូវហោះមកពីក្បាល និងក្បែរៗគាត់ក៏ដោយ ក៏ពួកគាត់មិនឈប់និយាយដែរ ព្រោះគាត់ឈឺចាប់នឹងអំពើអយុត្តិធម៌ខ្លាំងពេក។

ខណៈត្រូនកំពុងតែហោះពីលើ អ្នកស្រី ងី លាង អាយុ៤៩ឆ្នាំ ដែលរស់នៅលើដីក្នុងតំបន់នេះដែរ បាននិយាយ «បើយើងប្តឹងទៅអាជ្ញាធរ គេមិនដោះស្រាយទេ តែបើក្រុមហ៊ុនប្តឹងយើងវិញ គេដោះស្រាយ»៕