ភ្នំពេញ៖ នៅថ្ងៃនេះ គណៈមេប្រយោគទូទាំងប្រទេស និង ប្រធាន អប្បមាទ ប្រចាំរាជធានី-ខេត្ត បានទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបវិញ្ញាសារ ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងសរុប២០៤មណ្ឌល ស្មើនឹង៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួន១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន៦០ ៣៩៧នាក់។
ចំណែកគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន៣១៤៣២នាក់។
ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួនប្រាំពីរ៕