កំពត៖ តុលាការខេត្តកំពត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបិទបញ្ចប់សវនាការសួរដេញដោលលើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាសាងសង់ផ្ទះមួយកន្លែង នៅក្នុងខេត្តកែប។
លោក លាង រិទ្ធី ចៅក្រមជំនុំជម្រះ បានប្រកាសបិទសវនាការ នាវេលាម៉ោង១២ថ្ងៃត្រង់ បន្ទាប់ពីសាកសួរ និងស្តាប់ចម្លើយរបស់គូភាគី និងការឆ្លើយបញ្ជាក់របស់សាក្សី។
លោកចៅក្រមបានកំណត់យកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង២ និង៣០នាទីរសៀល ដើម្បីប្រកាសសាលក្រម។
សវនាការបិទបញ្ចប់នេះ គឺជាការជំនុំជម្រះលើកទី៣ បន្ទាប់ពីត្រូវផ្អាកពីរលើករួចមកហើយ គឺលើកទី១ កាលពីថ្ងៃទី២០ ខែតុលា និងលើកទី២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការមិនដាក់បញ្ចូលសាក្សីខាងភាគីដើមបណ្តឹង រាប់ទាំងករណីសាក្សីមិនចេះភាសាខ្មែរផងដែរ។
នៅក្នុងសវនាទាំងបីលើកខាងលើនេះ លោកចៅក្រម លាង រិទ្ធី និងលោក ខា ដែនណា ជាតំណាងអយ្យការ បានសួរដេញជនជាប់ចោទពីបទឆបោកឈ្មោះ ម៉ន សុខមាន អាយុ៤១ឆ្នាំ អំពីដំណើររឿងយកលុយពីម្ចាស់ផ្ទះជាច្រើនម៉ឺនដុល្លារ ហើយក្រោយមកបានបោះបង់ចោលការសាងសង់។
យោងតាមការសង្កេតនៅក្នុងសវនាការ មូលហេតុនៃការផ្អាកទាំងពីរលើកកន្លងមក គឺដោយសារនៅដំណាក់ចៅក្រមស៊ើបសួរ មិនបានដាក់បញ្ចូលសាក្សីមុនពេលបញ្ជូនរឿងទៅជំនុំជម្រះ។
ក្នុងរឿងនេះ លោក អាំង សុភា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះ ម៉ន សុខមាន មានទីលំនៅភូមិកណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់ ប៉ុន្តែបែរជាដាក់គុកហើយ ដោះលែងឲ្យមានសេរីភាពវិញ។
ឈ្មោះ ម៉ន សុខមាន ត្រូវនគរបាលចាប់ខ្លួននៅមុខវត្តជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក អាំង សុភា ចៅក្រមស៊ើបសួរ បន្ទាប់ពីលោក ឡុង កេសភីរម្យ អតីប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលដល់ជនជាប់ចោទចំនួនបួនលើក ដែលត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ និងឲ្យឃុំខ្លួន ពីបទឆបោក ដោយសារជននេះរកលេសគេចវេសពីការកោះហៅជាបន្តបន្ទាប់ រហូតដល់ពេលដូរប្រធានថ្មី ទើបមានចំណាត់ការដូចថ្ងៃនេះ។
លោក ឯក ឆេងហួត បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ម៉ន សុខមាន [និង] ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។
យោងតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌបានចែងថា ប្រសិនបើតុលាការយកឃើញកំហុសមែននោះ ឈ្មោះ ម៉ន សុខមានអាចប្រឈមជាប់ពន្ធនាគារពីប្រាំមួយខែ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅប្រាំមួយលានរៀន។
ពាក់ព័ន្ធនឹកលោក អាំង សុភា មិនបានដាក់បញ្ចូលសក្សីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ព្រមាចាត់វិធានការផ្លូវច្បាប់លើអ្នកស្រី ប៉ុល លក្ខិណា ដែលប្ដឹងចៅក្រមរូបនេះ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយត្រូវបានសារព័ត៌មានចុះផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធរឿងអយុត្តិធម៌ ដែលអ្នកស្រីអះអាងថា ចៅក្រមរូបនេះ ហ៊ានអះអាងជំនួសជនត្រូវចោទ។
ក្រោយពីសារព័ត៌មានជាច្រើនបានចុះផ្សាយពីភាពមិនប្រក្រតី លោក ម៉ាន់ បូរេត ប្រធានលេខាដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យតុលាការ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់សារព័ត៌មានទាក់ទងនឹងបណ្ដឹងរបស់អ្នកស្រី ប៉ុល លក្ខិណា នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមានត្រារបស់សាលាដំបូងខេត្តកំពង បានរៀបរាប់ចំនួនបិធំៗ ពីដំណើរដើមទងនៃសាច់រឿង។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យបានព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកស្រី ប៉ុល លក្ខិណា ប្រសិនបើអ្នកស្រីមិនបញ្ឈប់ធ្វើការផ្សព្វផ្សាយ តាមគេទំព័រសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសបុកផ្សេងៗទៀតនោះទេ។
អ្នកស្រី ប៉ុល លក្ខិណា អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីពេលថ្មីៗនេះ បានដាក់ពាក្យបណ្ដឹងទៅលោក កើត រិទ្ធ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្ដឹងលោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពតថា បានអះអាងជំនួសជនត្រូវចោទ ដែលលោកបានដោះលែងឲ្យនៅក្រៅឃុំ។
អ្នកស្រី ប៉ុល លក្ខិណា បានលើកឡើងទៀតថា ដោយសារជនត្រូវចោទគេចវេសមិនចូលឆ្លើយនៅតុលាការចំនួនបួនលើក និងមានដីកាបង្គាប់ឲ្យនាំខ្លួន ទើបសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទមកតុលាការ និងជាពិសេសលោកចៅក្រម អាំង សុភា មានចេតនាបន្លំបំបាត់សាក្សី និងដោះលែងជនល្មើស ទើបនាំឲ្យខូចផលប្រយោជន៍របស់អ្នកស្រីយ៉ាងខ្លាំង។
ទាក់ទងនឹងការចោទប្រកាន់ថា លោក អាំង សុភា មានចេតនាបន្លំបំបាត់សាក្សី ហើយនាំឲ្យខូចផលប្រយោជន៍របស់អ្នកស្រី ប៉ុល លក្ខិណា ត្រូវបានសាលាដំបូងខេត្តកំពតបកស្រាយថា ដោយសារតែពាក្យស្នើសុំបញ្ជូលសាក្សី និងកោះហៅសាក្សី ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ របស់អ្នកស្រី គឺក្រោយការបញ្ជប់ដំណើរការនីតិវិធី។
ការប្ដឹងចៅក្រមលោក អាំង សុភា រូបនេះ ត្រូវបានធ្វើឡើងម្ដងរួចហើយ កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ករណីលោកចៅក្រមអាំង សុភា អះអាងជំនួសជនត្រូវចោទឈ្មោះ ម៉ន សុខមាន ដែលលោកបានដោះលែងឲ្យនៅក្រៅឃុំ ពីបទឆបោក ក្នុងកិច្ចសន្យាការសាងសង់ផ្ទះនូវប្រាក់ចំនួន៩៧,៩៥៩ដុល្លារ ដែលស្ត្រីដើមបណ្ដឹងលើកឡើងថា ក្រសួងយុត្តិធម៌មិនទាន់មានចំណាត់ការអ្វីលើចៅក្រម អាំង សុភា នៅឡើយ៕