(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហការី បានអញ្ជើញចូលរួមផ្តល់ព័ត៌មាន ស្តីពីអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២(Briefing On Cambodia’s ASEAN Chairmanship Priority 2022) កាលពីរសៀលថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២១ ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ព្រមទាំងមានការចូលរួមពី លោក ឌី ខាំបូលី តំណាងរបស់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន។
កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីបណ្ដាអង្គទូត និងបណ្ដាញសារព័ត៌មានផងដែរ។ ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីអំពីខ្លឹមសារដ៏សំខាន់នៃមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)” ដែលកម្ពុជាប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខ។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សំដៅធានាបានសុខដុមរមនា, សន្តិភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីវឌ្ឍនភាពនៃការរៀបចំបញ្ជីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនីមួយៗ (Priority Economic Deliverables – PEDs) និងខ្លឹមសារសំខាន់ៗនៃសមិទ្ធផលអាទិភាពទាំងនេះ ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤ ៖
(១) លើកកម្ពស់ដល់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
(២) កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន
(៣) អាស៊ានដែលប្រកបដោយសមាហរណកម្ម បរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយ ភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និង
(៤) សាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើននិងអភិវឌ្ឍន៍ ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុខមាំក្នុងការខិតខំប្រឹងប្រែង ដឹកនាំអាស៊ានឱ្យបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងទិសដៅអាទិភាពប្រចាំឆ្នាំផ្សេងទៀត ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពបំផុត ដោយគិតគូរផងដែរដល់រាល់សំណើនិងអនុសាសន៍ពីរដ្ឋសមាជិកអាស៊ានទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធ៕