ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន7NGរងការចោទថា «បានលក់ដីនៅ​​ចំណតរថយន្តក្រុងមួយកន្លែងជាបន្តទៀត ដោយសារដីឡើងថ្លៃ»​​

ដោយៈ ដេលីខ្មែរ
ភ្នំពេញៈ បើទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក្ដី សមាជិកសហគមន៍ដីក្រហមទាំង៧​ចំនួន​១​.៤៦៥ (មួយពាន់បួនរយហុកសិបប្រាំ) គ្រួសារកំពុងរស់នៅក្នុងបុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញបានទទូចស្នើសុំទៅសម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ឃួង ស្រេង អភិបា​លរាជធានីភ្នំពេញសូមជួយអន្តរាគមន៍ទប់ស្កាត់ ក្រុមហ៊ុនសេវ៉ឹនអិនជី (7NG) បានយ​កដីចំណ​តរថយន្តក្រុងដែលមានទំហំ១៩ម៉ែត្រគុណនឹង៧៦ម៉ែត្រជាប់ផ្លូវធំបេតុងទៅលក់ជាបន្តទៀត ខណៈធ្លាប់ធ្វើបានសម្រេចម្ដងមកហើយនៅមិនទាន់អស់ចិត្តទៀតដែលមាន​ផ្ទែដីទំហំប៉ុនគ្នា។

ចំណតរថយន្តក្រុងភ្នំពេញស្ថិតនៅ បុរីសន្ដិភាព២ ទីតាំងខាងនេះត្រូវបាន ក្រុមហ៊ុនសេវ៉ឹន​អិនជី (7NG) របស់លោកឧកញ៉ា ស្រី សុធា បានពុះច្រៀកមួយចំហៀងដែលមាន​​ទំហំ​១៩ម៉ែ​ត្រគុណនឹង៧៦ម៉ែត្រធ្វើជាតូបផ្សារលក់ដូរបានចំនួន១.០៥០តូប គឺលក់និងជួលទៅឱ្យអាជីវ​ករនៅក្នុងសហគមន៍មួយចំនួនតូច និងអាជីវករពីខាងក្រៅសហគមន៍មួយចំនួនធំ។

មហាជនទូទៅក៍ដូចជា ប្រជាសហគមន៍មើលឃើញថា ពិតជាហ៊ានណាស់ ! ក្រុមហ៊ុន7NG ព្រោះមើលឃើញពីតម្លៃដីខ្ពស់នៅជាប់នឹងផ្លូវធំបេតុង ជាទីប្រជុំជនក៍មានចិត្តលោភលន់ គឺបានរំលោភយកដីចំណតរថយន្តក្រុង ដែលមានទំហំ១៩ម៉ែត្រគុណនឹង៧៦ម៉ែត្រមួយកន្លែង​ទៀតទៅលក់ឱ្យក្រុមឈ្មួញ តែត្រូវបានប្រជាសហគមន៍ដឹងឧបាយកលនេះក៍ធ្វើការតវ៉ាតាំងពី ឆ្នាំ២០១៧ រហូតមកម៉្លេះ គឺនៅតែពុំទាន់មានដំណោះស្រាយអ្វីឡើយ។

ដីចំណតរថយន្តក្រុងនេះបើគិតជាតម្លៃលុយកាក់ គឺរាប់ម៉ឺនសែនដុល្លារឯណោះ។ សព្វថ្ងៃរថយ​ន្តក្រុងជាច្រើនគ្រឿងពុំមានកន្លែងចូលចតដើម្បីដឹកអ្នកដំណើរឱ្យបានត្រឹមត្រូវឡើយ គឺបាន​យកផ្លូវបេតុងសាធារណៈធ្វើជាចំណត។ រីឯកន្លែង ចំណតរថយន្តក្រុង ដែលនៅសែស​សល់​មួយកន្លែងទៀតនោះត្រូវ ក្រុមហ៊ុន7NG លក់ទៅឱ្យលោក គឹម យ៉ាន អតីតប្រធាន​សហ​គមន៍ដីក្រហមទាំង៧ ក៍បានធ្វើរបងស័ង្កសីព័ទ្ធជុំវិញបិទជិត តែដោយមានការតវ៉ាពី​បងប្អូនសហគមន៍ បុរីសន្ដិភាព២ ទៅដល់ ខណ្ឌពោធិសែនជ័យ និង ក្រុងភ្នំពេញ ក៍មានការរុះរើរបងនោះចេញវិញ។

ប៉ុន្តែក្រុមអ្នកទិញដីចំណតរថយន្តទាំងនោះបានយកថ្ម និងខ្សាច់ចាក់លុបពាំងព័ទ្ធជុំវិញចំណ​តមិនឱ្យរថយន្តក្រុងចូលចតបានឡើយ។ មិនតែប៉ុណ្ណោះក្រុមកូនចៅលោក គឹម យ៉ាន បានបោះបង្គោលដែកចងខ្សែពុះច្រៀកជាដីឡូតិ៍តូចៗដើម្បីលក់ជាបន្តទៀត ហើយក៍បានប្តឹងបំ​បាក់​ស្មារតីក្រុមអ្នកតវ៉ានៃសហគមន៍ដើម្បីផលប្រយោជន៍រួមថែមទៀតផង។

ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បងប្អូនសហគមន៍ដីក្រហមទាំង៧ ដែលតំណាងឱ្​យ១.​៤៦៥​គ្រួសារ កំពុងរស់នៅក្នុង បុរីសន្ដិភាព២ បាននាំគ្នាធ្វើការតវ៉ាដោយផ្ទាល់​ទ្រង់​ទ្រាយតូចល្មមនៅនឹង ចំណតរថយន្តក្រុងដែល ក្រុមហ៊ុន7NG បានយកទៅលក់ជាលើកទីពីរ។

ពួកគាត់បាននាំគ្នាទាមទារសុំឱ្យ សម្ដេចតេជោ និងអភិបាលក្រុងភ្នំពេញ ជួយអន្តរាគមន៍ថែរក្សាការពារ ចំណតរថយន្តក្រុង ដែលមានទំហំ១៩ម៉ែត្រគុណនឹង៧៦ម៉ែត្រ ឱ្យនៅដដែលដើម្បីឱ្យរថយន្តក្រុងមានកន្លែងចូលចតត្រឹមត្រូវ និងដឹកអ្នកដំណើរដូចដើមវិញ។ ចំណែកករណីមួយទៀតពួកគាត់សុំឱ្យ តុលាការចេញដីការក្សាការពារ ចំណតរថយន្តក្រុង នេះផងដែលមានរឿងជិតមួយឆ្នាំមកហើយពុំមានដំស្រាយអ្វីសោះ។

អ៊ុស្រីឈ្មោះ ផាត់ ឡយ អាយុ៦៩ឆ្នាំ អនុប្រជាការពារ ភូមិ៦ និងអ៊ុស្រីឈ្មោះ ទូច រដ្ឋា អាយុ​៦​៧ឆ្នាំ ជាប្រជាការពារ ភូមិ៦។ ពួកគាត់រស់នៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានប្រាប់អង្គភាពយើងថា «ពួកខ្ញុំសុំឱ្យរក្សាទុកចំណតឡានក្រុង នេះដែលជាដីសម្ដេច​តេ​ជោ បានសម្បទានឱ្យនៅដដែលដើម្បីកូនចៅឬប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលងាយស្រួល។ ពួកយើងខ្ញុំសូមឱ្យសាលាក្រុងភ្នំពេញ ជួយរៀបចំកែលម្អសណ្ដាប់ធ្នាប់ចំណតរថយន្តក្រុង នេះឡើងវិញផង»។

ប្រភពពីប្រជាពលរដ្ឋ​​បាន​​បន្តទៀតថា ក្រុមហ៊ុន7NG បានរំលោភយក ចំណតរថយន្តក្រុង ទៅលក់ឱ្យក្រុមគ្រួសារលោក គឹម យ៉ាន ដែលជា អតីតប្រធានសហគមន៍ដីក្រហមទាំង៧ នៅក្នុង ឆ្នាំ២០១៤ នេះយោងតាមលិខិតផ្ទេរសិទ្ធិទិញលក់របស់ ខណ្ឌពោធិសែនជ័យ។

ចំណតរថយន្តក្រុង ដែលលោក គឹម យ៉ាន បានទិញនោះគ្រោងនឹង សាងសង់តូបលក់បន្តទៀតដោយបានធ្វើរបងស័ង្កសីព័ទ្ធជុំវិញបិទជិត។ ក៍ប៉ុន្តែត្រូវបានបងប្អូនសហគមន៍នាំគ្នាធ្វើការតវ៉ានៅ ឆ្នាំ២០២០ ក៍ឃើញខាងសាលា ខណ្ឌពោធិសែនជ័យ ចុះមករុះរើរបងនោះចេញអស់តែនៅមាន គំនរថ្ម ខ្សាច់ចាក់ព័ទ្ធជុំវិញ និងយករនាំងដែកទៅបាំង មិនឱ្យរថយន្តក្រុងចូលចតបានឡើយ។

ចំណែក លោក ឃិន ដា អាយុ៤៧ ឆ្នាំរស់នៅ បុរីសន្ដិភាព២ ភូមិ២ សង្កាត់ចោមចៅ ដែលបានចេញមុខធ្វើការតវ៉ាយ៉ាងសកម្មជាងគេ ត្រូវបានក្រុមអ្នកទិញដីចំណតរថយន្តក្រុង នេះប្ដឹងជាមួយអ្នកសហគមន៍ចំនួន៤នាក់ទៀត ដោយជាប់ចោទពីបទប្រើហិង្សាលើអ្នកកាន់កាប់​អចលនវត្ថុដោយសុចរិត និងបិទផ្លូវដោយខុសច្បាប់។ ប៉ុន្តែករណីនេះត្រូវបានតុលាការទាត់ចោលឥតចាត់ការកាលពី ខែធ្នូ ឆ្នាំ២០២០។

ករីណីនេះ ដោយមានគោលបំណងទាមទាររក្សាទុក ដីចំណតរថយន្តក្រុង ដូចស្រ្តីទាំងពីរនាក់ខាងលើ។

យោងតាម​ពលរដ្ឋ​មួយ​ចំនួន​​សុំមិនបញ្ចេញឈ្មោះ​​​​លើកឡើងថា កន្លងមកក្រុមហ៊ុន7NG បានដើរប្រាប់ទៅប្រជាពលរដ្ឋដែលបានលក់ដូរនៅក្នុងផ្សារថា បើសិនជានរណាហ៊ានចេញមុខទៅទាមទារតវ៉ារឿងចំណតរថយន្តក្រុងគេនឹងដកតូបឈប់ជួលឱ្ យដោយមូលហេតុក្រុមហ៊ុនមិនពេញចិត្ត។
ក្រុមពលរដ្ឋបង្ហើតថា ដីនេះ​មិនមាន​​ប្លង់រឹងនោះ​​ទេ ប៉ុន្តែ​អាជ្ញាធរ​​បែរ​​បង្វឹល​​​​រុញរឿងនេះទៅតុលាករ​ ដើម្បី​​ទប់ស្កាត់​​កុំឲ្យ​​ពលរដ្ឋ​​​អាច​​យកជាកម្មសិទ្ធិបាន​ ហើយ​ករណី​នេះ​​មហាជន​​​មានចម្ងល់ថា ហេតុអ្វីបាន​ដីមិន​មានប្លង់រឹងផង បែរជាបញ្ចូនរឿងនេះទៅតុលាការទៅវិញ​?។

បើយោងតាមពាក្យស្នើសុំជួយអន្តរាគមន៍ របស់បងប្អូន សហគមន៍ដីក្រហមទាំង៧ បានគោរពជូន សម្ដេចតេជោ កាលពី ឆ្នាំ២០១៨ កន្លងទៅត្រង់ចំណុចលេខ៤បានជម្រាប​ជូនសម្ដេចថា «នៅចំណុចមួយឃ្លាក្នុងប្រការទី៦ នៃកិច្ចសន្យាបានបញ្ជាក់ថា នៅជាប់ទីតាំង​សហគមន៍ មានសួនច្បារមានចំណតរថយន្តមានទីធ្លាលំហែ មានបង្គោលភ្លើងបំភ្លឺជា​ដើម។ល។

លើសពីនេះ គឺទុកសម្រាប់ជាកន្លែងហាត់ប្រាណ ជាកន្លែងជួបប្រជុំ និងជាកន្លែងធ្វើពិធីបុណ្យធំៗជាដើម។ ក៍ប៉ុន្តែលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន7NG បន្ទាប់ពីបានចំណេញប្រាក់រាប់រយលានដុល្លារពីការលក់ដីទំហំ៣ហិកតា៦០អានៅទីតាំងចាស់ហើយនោះ នៅមិនទាន់អស់ចិត្តទៀតបានឆ្លៀតយកទីតាំងសួនច្បារទីធ្លាលំហែនិងចំណតរថយន្តមួយចំហៀងដែលគ្រប់គ្រងដោយសហគមន៍មួយផ្នែកទៅពុះច្រៀកធ្វើជាតូបផ្សារលក់ដូរចំនួន​​​​​​១​.​០៥០តូបលក់ និងជួលទៅឱ្យអាជីវករនៅក្នុងសហគមន៍មួយចំនួនតូច។

ក្រៅពីនេះ​នៅមាន​​អាជីវករមកពីក្រៅសហគ​មន៍មួយចំនួនធំ យកលុយវាល់លានដុល្លារដាក់ហោប៉ៅក្បត់នឹងកិច្ចសន្យា ប្រ​ការ​ទី៦ រំលោភ​លើសេចក្ដីទុកចិត្តរបស់សហគមន៍ ដោយពុំមានខ្លាចក្រែងអ្វីបន្តិចឡើយ»។

ជុំវិញករណីខាងលើលោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិសែនជ័យ ពុំអាចទាក់ទងសុំការបំភ្លឺបានទេនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខណៈទូរស័ព្ទចូលលើកទីមួយសន្ទនាបានបន្តិចក៍ដាច់ ហើយទូរស័ព្ទចូលលើកទីពីរពុំមានអ្នកទទួលឡើយ។

ចំណែកលោក ម៉េត មាសភក្ដី អភិបាលរង នៃសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ ឆ្លើយតបមកអង្គភាពយើងតាមរយៈសារជាអក្សរខ្លីថា «ទំនាស់នេះស្មុគស្មាញ និងបានឈានដល់នីតិវិធីតុលាការផង។ តែយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញ កំពុងបន្តសម្របសម្រួល»។

បើយោងតាម មេធាវីគូភាគី ដែលបានទិញដីចំណតរថយន្តពី ក្រុមហ៊ុនសេវ៉ឹនអិនជី បានប្រាប់តុលាការថា «ដីដែលកូនក្ដីខ្លួនទិញនេះ គឺកម្មសិទ្ធិរបស់ ក្រុមហ៊ុន7NG ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរខណ្ឌនៅក្នុងគម្រោងនេះ គឺក្រុមហ៊ុនគេធ្វើជាទីស្នាក់ការបណ្ដោះអាសន្ននិង​​ចំណតឡានសម្រាប់ឱ្យបុគ្គលិកក្រុមហ៊ុនស្នាក់នៅក្នុង ឆ្នាំ២០១៤។

ក្រុមហ៊ុន7NG បានពុះជាដីឡូតិ៍រំលងផ្ទះកូនក្ដីខ្លួនមានគេសាងសង់ផ្ទះបាន២ទៅ៣ល្វែងបាន ហេតុអ្វីបានជាសហកូនបំណុលមិនប្ដឹងតវ៉ា ? »។(សហកូនបំណុល គឺគូភាគីសហគមន៍ដីក្រហមទាំង៧) ហើយ (សហម្ចាស់បំណុល គឺគូភាគីក្រុមទិញ ដីចំណតរថយន្ត ពីក្រុមហ៊ុន​7NG)។

ចំណុចដែលមហាជន និងប្រជាសហគមន៍កំពុងមានចម្ងល់ តើហេតុអ្វីឯកសារគោលដូចមានក្នុងគម្រោងប្លង់គេមិនគោរពតាម ឬលើកយកមកនិយាយដើម្បីជាគោល​ក្នុង​ការរកដំណោះស្រាយ ? ជាពិសេសទីតាំងបេនឡាននោះលោក ឃួង ស្រេង អភិបាល រាជធានីភ្នំ​ពេញ ក៍ធ្លាប់បានចុះទៅផ្ទាល់និងទទួលបានការគាំទ្រពីប្រជាសហគមន៍ដ៏ច្រើនក្រាស់ក្រែលផងដែរហេតុអ្វីពេលទីតាំងនោះកំពុងប្រឈម និងការបាត់បង់តែមិនឃើញមានកិច្ចអន្តរា​​គមន៍ណាមួយដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋទៅវិញ ?។

គួរបញ្ជាក់ថា សហគមន៍ដីក្រហមទាំង៧ មានប្រជាពលរដ្ឋ១.៤៦៥គ្រួសារ រស់នៅលើផ្ទៃដីទំហំ៣ហិកតា៦០អាទីតាំងចាស់។ ប៉ុន្តែត្រូវបានផ្លាស់ប្តូរមករស់នៅ ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លើផ្ទៃដីសម្បទាន២០ហិកតារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានដៃគូវិនិយោគ គឺក្រុមហ៊ុន7NG។

ប៉ុន្តែដោយ​ឆក់ឳកាសប្រទេសកម្ពុជាផ្ទុះ ជំងឺកូវីដ.១៩ នៅចុង ឆ្នាំ២០១៩ ពេលវេលាស្ងាត់ក្រុមហ៊ុននេះបានធ្វើសកម្មភាពផ្សេងៗសម្រេចជាច្រើនករណីនៅក្នុង បុរីសន្ដិភាព២៕