មនុស្សចំនួន៦នាក់បានបាត់បង់ជីវិត និង២៣នាក់ផ្សេងទៀតបានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ ។
ការវាយប្រហារសម្លាប់មនុស្ស៦នាក់ដោយបំផ្ទុះគ្រាប់បែកនេះ ត្រូវបានធ្វើឡើងចំថ្ងៃនៃពិធីបុណ្យ Persian festival ដែលជាបុណ្យតាមប្រពៃណីសាសនាអ៊ីស្លាម ប៉ុន្តែអ៊ីស្លាមសាសនិកមួយចំនួនយល់ថា ពិធីបុណ្យនេះមិនមែនជាពិធីបុណ្យសាសនាអ៊ីស្លាមទេ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្កានិស្ថានបានអោយដឹងថា ប៉ូលីសបានចាប់ខ្លួនខ្មាន់បំផ្ទុះគ្រាប់បែកហើយ ហើយព័ត៌មានទាក់ទិននឹងមូលហេតុនៃការបំផ្ទុះគ្រាប់បែកនេះ នឹងត្រូវបង្ហាញនៅពេលខាងមុខ៕