ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រកាលពីថ្ងៃទី៣មករានេះ ដោយសម្តេចតេជោបានណែនាំឱ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង ដែលជាក្រុមហ៊ុនទទួលការសាងសង់សំណង់និងផ្លូវផ្សេងៗ ដែលមានការសាងសង់ហើយទើបទូទាត់ប្រាក់ជាមុន ហើយបំណុលដែលមានត្រូវសងក្នុងរយៈពេល២០ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា« គម្រោងរបស់រដ្ឋ ដែលភាគច្រើនរបស់ខេត្តជាមួយក្រុមហ៊ុន លី ឈួង គឺជាទង្វើពុករលួយ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានព្រមានដកតំណែងអភិបាលខេត្តរូបណា ដែលបន្តធ្វើគម្រោងនានាជាក្រុមហ៊ុន លី ឈួង។ សម្តេចតេជោគ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង បើរកឃើញមិនប្រក្រតីនៅខេត្តណាមួយ អភិបាលខេត្តអាចនឹងមានបញ្ហា។