ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុកនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា« ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកលកន្លងទៅថ្មីៗនេះ គឺជាការសាកល្បងដ៏ធំមួយរបស់កម្ពុជា ចំពោះស្ថានភាពជំងឺកូវីដ-១៩ ដែលមិនមានអ្នកឆ្លងកូវដ-១៩ច្រើន តែទោះជាយ៉ាងណាក៏ដោយក៏យើងត្រូវរងចាំមើលស្ថានភាពជំងឺកូវីដ-១៩ ក្រោយបុណ្យឆ្លងឆ្នាំសកលជាបន្តទៀត»។
សម្តេចតេជោបានលើកឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុកនោះទេ ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។
សម្តេចមានមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្តេចតេជោបានណែនាំឱ្យក្រសួងសុខាភិបាលពិនិត្យឡើងចំពោះប្រជាពលរដ្ឋជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនាពេលកន្លងមក ព្រោះហេតុផលបញ្ហាសុខភាព ក៏ប៉ុន្តែពេលនេះប្រជាពលរដ្ឋទាំងអស់ទោះគឺអាចចាក់វ៉ាក់សាំងបាន មិនមានបញ្ហាអ្វីនោះទេ ដូច្នេះត្រូវបន្តចាក់វ៉ាក់សាំងឲ្យពួកគាត់។
ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះសម្តេចតេជោ ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាជាពិសេសចៀសផុតពីជំងឺកូវីដ-១៩។