ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅពេលខាងមុខ ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ

ខេត្តកោះកុង៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីខេត្តកោះកុងកាលពីថ្ងៃទី៣មករានេះ​ថា នៅពេលខាងមុខខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ៤៨នេះ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់តែទោះជាយ៉ាង​ណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់។
សម្តេចតេជោបានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះ​កុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។ ដោយសារតែដំណើរវិវត្តរបស់ប្រទេសជាតិ និងភាពរីកចម្រើនឥតឈប់ឈរ យើងបានតភ្ជាប់យ៉ាងងាយស្រួលពីកោះកុង​មកខេត្តព្រះសីហនុ។
សម្តេចតេជោបានបង្ហាញនូវមោទនភាព ចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុងពីស្ថានភាពដ៏លំបាកមកមានការអភិវឌ្ឍរីក​ចម្រើន។
សម្តេចតេជោបានថ្លែងថា សុខសន្តិភាព គឺជាកត្តាដ៏សំខាន់នាំឱ្យសម្តេចបានកសាងនិងអភិវឌ្ឍន៍ខេត្តនេះជាបន្តបន្ទាប់ទៀត។
ផ្លូវជាតិលេខ៤៨ ជារបៀងមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ ខណៈបច្ចុប្បន្នកំពុងក្លាយជាប៉ូលទេសចរណ៍ដ៏មានសក្តានុពលផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេ តភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រនាពេលខាងមុខ។
តាមរយៈការទទួលបានស្ពាននេះ នឹងធ្វើការតភ្ជាប់រវាងទីក្រុងភ្នំពេញទៅកាន់តំបន់អរិយក្សត្រកាន់តែខិតជិតគ្នា ហើយតំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងរណបផងដែរនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែនបានថ្លែង អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការបើកការដ្ឋានសាងសង់ និងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨នាពេលនេះ។