(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការការពារអ្នកប្រើប្រាស់”។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. សមាជិកនិងជាលេខាធិការនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។
សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) ក្រោមគម្រោង “កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន (PROTECT)”។ សិក្ខាសាលានេះ សម្របសម្រួលដោយការិយាល័យមេធាវី សេដ្ឋាល័យ។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើង ក្នុងគោលបំណងស្វែងរកធាតុចូលពីភាគីពាក់ព័ន្ធលើសេចក្តីព្រាងឯកសារគិតយុត្ត ចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលមានដូចជា៖
ទី១.សេចក្តីព្រាងកម្មវិធីថ្នាក់ជាតិស្តីពីកិច្ចការអ្នកប្រើប្រាស់ (National Consumer Protection Program) ទី២. សេចក្តីព្រាងប្រកាសស្តីពីកិច្ចសន្យាមិនសុចរិត (Unfair Contract Clause) ទី ៣. សេចក្តីព្រាងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់ (Cooling-Off Period) ទី៤. គោលការណ៍ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ (Pyramid Selling Scheme) និងការលក់បែបទីផ្សារពហុកម្រិត (Multi-Leveling Marketing)។
លោក ផាន អូន បានមានប្រសាសន៍បញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់មួយនេះ នឹងប្រមូលធាតុចូលសំខាន់ៗក្នុងការកសាងឯកសារគតិយុត្តទាំងបួន ពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត ។
លើសពីនេះ គឺ ក្នុងន័យជំរុញឱ្យសេចក្តីព្រាងនៃឯកសារទាំងបួនមានលក្ខណៈកាន់តែល្អប្រសើរឡើង សំដៅធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ និងធុរជនធ្វើសកម្មភាពជាមួយគ្នាប្រកបដោយទំនុកចិត្តនិងមានការទទួលខុសត្រូវរួមចំណែកដល់ការកសាងសង្គមយើងឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។