(កំពង់ស្ពឺ)៖លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកជំទាវ ហ៊ីវ រតនា តំណាងលោក ហ៊ីវ គឹមហេង និងលោកស្រី លឹម ស្រីពៅ ដែលជាម្ចាស់អំណោយផ្ទះ ព្រមទាំងក្រុមការងារមួយចំនួន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នេះបានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ផ្ទះលេខ ២៨២ ត្រូវបានប្រគល់ជូនលោកយាយ យ៉ែម អ៊ីម មានអាយុ ៨៧ឆ្នាំ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកយាយរស់នៅជាមួយចៅកំព្រាបីនាក់ បន្ទាប់ពីម្ដាយរបស់គេបានស្លាប់ដោយសារជំងឺ និងបន្ទាប់ពីឪពុកគេបានចាកចេញពីពួកគេទៅរស់នៅកន្លែងផ្សេង។
គួររំលឹកថា ពេលម្ដាយពួកគេស្លាប់ និងឪពុកចាកចោលនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏ធ្លាប់បានឲ្យក្រុមការងារយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មកផ្ដល់ឲ្យពួកគាត់ម្ដងរួចទៅហើយ ក្នុងដោះស្រាយជីវភាព រហូតដល់ពេលនេះបានសាងសង់ផ្ទះមួយខ្នងជូនដល់គ្រួសារគាត់ទៀត។
បន្ថែមលើអំណោយផ្ទះខាងលើ លោកយាយ និងចៅៗក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។
ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញ ទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ ជាបន្តទៀត ដែលបានធ្វើនៅទីតាំងរួមគ្នាក្នុងវត្តបារមីមានបុណ្យ ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ ស្មើ៣០កេសតូច
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ក្រកចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ (២៥គីឡូ)
១១- អំបិលចំនួន១បេ (២៥គីឡូ)
១២- ប៊ីចេងចំនួន១បេ (១០គីឡូ)
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- វីតាមីនសេ ចំនួន ១០ ប្រអប់
១៨- ប្រេងកូឡា ចំនួន ៥ ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣ – ថវិកា ចំនួន២លានរៀល។
បន្ទាប់មក លោកជំទាវក៏បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាចំនួន២០០០ដុល្លារ របស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនដល់កីឡាករប្រដាល់ លី តឿន ដែលបានជួបគ្រោះថ្នាក់ពេលប្រកួត(បាក់ជើង)កាលពីពេលថ្មីៗទៅនេះ ។ លោកជំទាវក៏ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបានណែនាំឲ្យកីឡាករទៅព្យាបាលជំងឺជើងនៅមន្ទីរពេទ្យដោយលោកជំទាវនឹងចេញថ្លៃព្យាបាលជូនផងដែរ៕