(រាជធានីភ្នំពេញ)៖ នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង (វគ្គទីមួយ) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពី លោកអគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមធ្វើបទបង្ហាញអំពីបទប្បញ្ញត្តិទូទៅពាក់ព័ន្ធនឹងក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌនីតិវិធីត្រួតពិនិត្យនិងការស៊ើបអង្កេត ដោយ លោក ស្វាយ សំណាង អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ និងលោក ម៉េង សុងឃាង ប្រធាននាយកដ្ឋានកិច្ចការប្រកួតប្រជែងនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីបរិបទទូទៅក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង។
សូមរំលឹកដែរថា ច្បាប់ស្ដីពីការប្រកួតប្រជែង ត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ ហើយច្បាប់នេះមានគោលបំណងដើម្បីលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។