កំពត៖ មន្ត្រីឃ្លាំមើលទំនិញខូចគុណភាពនៃក្រសួងពាណិជ្ជកម្មប្រចាំ ខេត្តកំពត កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានចាប់រថយន្តពីរគ្រឿង ដឹកគ្រឿងសមុទ្រ នាំចូលពីវៀតណាម ក្រោមបទ សង្ស័យ ទំនិញទាំងនោះ មានសារធាតុគីមី ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
មន្ត្រីនៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ថាប្រចាំស្នាក់ការខាងលើ បានប្រាប់ឱ្យដឹងថា រថយន្តធុនធំពីរគ្រឿង នៅក្នុងទឹកដីស្រុកកំពង់ត្រាច ខេត្តកំពត កំពុងដឹកបង្គាចាក់បញ្ចូលសារធាតុគីមី ត្រូវបានរកឃើញបង្គានៅក្នុងតេសនីមួយៗ សុទ្ធតែត្រូវបានចាក់ចាហួយចូលក្នុងក្បាល។
មមន្ត្រី ក.ប.ប. ដដែល បានបញ្ជាក់ថា ចាហួយក្នុងខួរក្បាលបង្គា បើមានសារធាតុគីមីបែបនេះ នឹងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សទូទៅ ក្រោយពេលទទួលទាន។
សូមបញ្ជាក់ថា រថយន្តទាំងពីរគ្រឿងខាងលើ បានដឹកបង្គា ក្ដាមថ្ម និងមឹក ចំនួន៦១០កេស ដែលម្ចាស់នាំចូល ដោយមិនមានច្បាប់ដឹកជញ្ជូន។ បង្គានៅក្នុងកេសនីមួយៗ មានទម្ងន់ខុសប្រក្រតី ជាសរុបមានចំនួន៦១០កេស ស្មើនឹង១២តោន ហើយមន្ត្រី ក.ប.ប. នឹងកម្ទេចចោល ក្រោយធ្វើកំណត់ហេតុរួចរាល់៕