(ឌុយបៃ សហភាពអារ់ាប់រួម)៖ ក្នុងឱកាសចូលរួមពិធីប្រារព្ធទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា និងជាអគ្គស្នងការរបស់កម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា។
កិច្ចប្រជុំទ្វេភាគីជាមួយភាគីសហភាពអារ៉ាប់រួម ដែលដឹកនាំដោយលោក បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម ដើម្បីពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងជំរុញលើឱកាសវិនិយោគរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបានសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ និងចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ដែលមានរយៈពេល ៦ខែ នេះ។
លោកបណ្ឌិតបានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍របស់សហភាពអារ៉ាប់រួម ព្រមទាំងបានស្នើឱ្យភាគីកម្ពុជាជួយផ្តល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត ជាពិសេស លោកបណ្ឌិតចង់ឱ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ ដូចដែលសហភាពអារ៉ាប់រួមបានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមួយចំនួនកន្លងមក ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនភាគីសហភាពអារ៉ាប់រួមថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន មានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ ដែលសហភាពអារ៉ាប់រួមអាចមកធ្វើការវិនិយោគនៅកម្ពុជាបាន។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េ ហើយក៏កំពុងបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗមានជាអាទិ៍ ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា អង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះរដ្ឋមន្រ្តីក៏បានឯកភាពជាមួយភាគីសហភាពអារ៉ាប់រួម ចំពោះការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។
គណៈប្រតិភូរបស់ប្រទេសទាំងពីរ បានឯកភាពគ្នាថានឹងអញ្ជើញគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នាលើវិស័យសក្តានុពលនានា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរនាថ្ងៃអនាគត៕