ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រួម​គ្នា​ទប់ស្កាត់​ និង​​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​ 

(​ភ្នំពេញ​)៖​ ទីស្តីការគណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្តី​ពី​ ព័ត៌មាន​ក្លែងក្លាយ​ ក្រោម​អធិបតីភាព​របស់​លោក​ ស្វាយ​ ស៊ី​ថា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ ដោយ​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​១០០​នាក់​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​រាជធានី​ ខេត្ត​។

​វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​រយៈពេល​៥​ថ្ងៃ​ បង្ហាត់បង្ហាញ​ដោយ​គ្រូ​ឧទ្ទេសនាម​ជា​ជនជាតិ​បរទេស​ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ បទ​ពិសោធន៍​ ចំណេះដឹង​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​មក​ពី​បណ្តា​ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ ដែល​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​ និង​សាធារណ​មតិ​ឱ្យ​បាន​យល់​ដឹង​អំពី​ព័ត៌មាន​ក្លែងក្លាយ​ ក៍​ដូច​ជា​អំពី​យុទ្ធសាស្ត្រ​ យុទ្ធវិធី​ និង​វិធីសាស្ត្រ​ផ្សេងៗ​ ដើម្បី​យក​ទៅ​អនុវត្ត​ការងារ​របស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ​ និង​ប្រសិទ្ធភាព​។​លោក​ ស្វាយ​ ស៊ី​ថា​ ក្នុង​នាម​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ប៊ិ​ន​ ឈិ​ន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ពិសេស​ក្នុង​នាម​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​វាយតម្លៃ​ខ្ពស់​ ដោយ​ចាត់​ទុក​ថា​ “​ វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ព័ត៌មាន​ក្លែងក្លាយ​”​ នេះ​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការងារ​គ្រប់គ្រង​ អប់រំ​សាធារណ​មតិ​ ដោយសារ​ក្នុង​បរិបទ​ឌី​ជី​ថ​ល​នេះ​ មាន​ព័ត៌មាន​ក្លែង​ក្លាយជា​ច្រើន​បាន​ និង​កំពុង​កើត​មាន​ឡើង​ក្នុង​សង្គម​ជាតិ​ ហើយ​ដែល​បាន​នាំ​ឱ្យ​សាធារណ​មតិ​មានការ​ភ័ន្ត​ច្រឡំ​ ហើយ​ប្រការ​នេះ​មិន​ត្រឹមតែ​ជា​ការ​បំពុលសង្គម​តែ​ប៉ុណ្ណោះ​នោះ​ទេ។

ព័ត៌មាន​ក្លែងក្លាយ​មួយ​ចំនួន​ក៍បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ រួម​ទាំង​នាំ​ឱ្យ​មានការ​រើសអើង​ពូជសាសន៍​ ប៉ះពាល់​ដល់​កិត្តិយស​របស់​បុគ្គល​ និង​ស្ថាប័ន​ទាំង​ឯកជន​ និង​សាធារណៈ​ និង​ជា​ពិសេស​ក៍​ជា​កត្តា​ដែល​អាច​នឹង​នាំ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​របស់​ជាតិ​យើង​ជាមួយនឹង​សហគមន៍​អន្តរជាតិ​ទៀត​ផង​ដែរ​។

​លោក​ ស្វាយ​ ស៊ី​ថា​ ក៍បាន​លើក​ឡើង​ផង​ដែរ​ថា​ ការ​ចូលរួម​ទប់ស្កាត់​ និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ គឺជា​ភារកិច្ច​ដ៍​សំខាន់​បំផុត​មួយ​ក្នុង​ការ​គ្រប់គ្រង​សាធារណ​មតិ​ ព្រោះ​ប្រទេស​ជាតិ​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក៍​កាន់តែ​រីក​ចំរើន​ ស្ថានភាព​រស់នៅ​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ ទាំង​ជីវភាព​ និង​សំភារៈ​កាន់តែ​ទំនើប​ គួប​ផ្សុំ​នឹង​សិទ្ធិ​សេរីភាព​ដ៍​ទូលំទូលាយ​របស់​ប្រជាជន​ផង​នោះ​ ដូច្នេះ​ភារកិច្ច​ដ៏​ចម្បង​នៅ​តាម​ក្រសួង​ស្ថាប័ន​ និង​គ្រប់​បណ្តា​រាជធានី​‑​ខេត្ត​ ត្រូវ​តាមដាន​ និង​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ស៊ីជម្រៅ​អំពី​ព័ត៌មាន​ក្លែងក្លាយ​ ព្រោះ​នេះ​ជា​មេរោគ​ រឺក៍​ជា​កំទេច​ភ្លើង​ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថ្មី​មួយ​ចំនួន​ដូច​ជា​ Facebook​ ,​ Youtube​ ប្រៀប​បាន​នឹង​សាំង​ដែល​នឹង​នាំ​ឱ្យ​ឆាបឆេះ​បំផ្លាញ​នូវ​សុខ​សន្តិភាព​របស់​ប្រទេស​ដែល​រកបាន​ដោយ​ពិបាក​បំផុត​ និង​សុភមង្គល​ក្នុង​សង្គម​គ្រួសារ​យើង​បាន​។​

លោក​ក៍បាន​សំណូមពរ​បន្ថែម​ផង​ដែរ​ថា​ ដើម្បី​បន្ត​គ្រប់គ្រង​សាធារណ​មតិ​ឲ្យបាន​ល្អ​ប្រសើរ​ និង​ជា​ពិសេស​ជា​ការ​ចូលរួម​ក្នុង​ការ​ការពារ​សុខ​សន្តិភាព​ ឯករាជ្យ​ និង​អធិបតេយ្យភាព​ជាតិ​ គប្បី​នៅ​តាម​បណ្តា​ក្រសួង​ ស្ថាប័ន​នីមួយៗ​ត្រូវ​ខិតខំ​ទប់ស្កាត់​ការ​បំពុល​ដោយ​ព័ត៌មាន​ក្លែងក្លាយ​ និង​ត្រូវ​តែ​ដើរតួ​នាទី​ឱ្យ​បាន​សកម្ម​ ជា​អ្នក​ពន្លត់​ ឬ​បន្សាប​នូវ​ព័ត៌មាន​ក្លែងក្លាយ​ឱ្យ​បាន​លឿន​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។

​លោក​ ស្វាយ​ ស៊ី​ថា​ ក៍បាន​សង្កត់ធ្ងន់​ថា​ ក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៥​ថ្ងៃនេះ​ សង្ឃឹមថា​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​ និង​សាធារណ​មតិ​ដែល​ជា​សិក្ខាកាម​ផង​ និង​ជា​គ្រូ​បង្គោល​ផង​នឹង​បន្ត​ទំនាក់ទំនង​គ្នា​បាន​ល្អ​រវាង​ស្ថាប័នរដ្ឋ​ និង​សាធារណជន​ ហើយនឹង​ចូលរួម​លើកទឹកចិត្ត​ ក៏​ដូច​ជា​សហការ​ជាមួយ​អ្នក​សារព័ត៌មាន​ដើម្បី​រួម​គ្នា​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ឱ្យ​បាន​ទាន់​ពេលវេលា​ ដោយ​យកចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ពី​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​យក​ទៅ​អនុវត្ត​ជាក់ស្តែង​នៅ​តាម​ក្រសួង​ ស្ថាប័ន​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​៕