ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជានៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះលោក Takahashi Fumaiki បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងបានវាយតំលៃខ្ពស់ ចំពោះចំណាត់ការរបស់សម្ដេចតេជោ និងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ។
លោកបានសំដែងនូវការអបអរសាទរនិងគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេ ជោ ដើម្បីនាំប្រតិភូអ្នកវិនិយោគធុនកណ្ដាលមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែមេសាខាងមុខ។
ជាមួយគ្នានោះផងដែរ លោកក៏បានគោរពស្នើសុំសម្ដេចតេជោប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចតេជោដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួនPKOសម្រាប់សាធារណៈជនប្រើប្រាស់ផងនិងសម្រាប់ជាតំណាងទំនាក់ទំនងកម្ពុជានិងជប៉ុនផង ។
លើសពីនេះទៅទៀត លោកក៏បានគោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាព ការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត ដែលលោកបានធ្វើការដោះស្រាយ មួយចំនួនរួចហើយ។
ការឆ្លើយតប សម្ដេចតេជោ សែនបាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Takahashi Fumaiki ហើយបានជម្រាបជូនទៅឯកឧត្តម អំពីវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា ។
សម្តេចតេជោបានស្វាគមន៍ចំពោះគណៈប្រតិភូ អ្នកវិនិយោគ ធុនកណ្ដាល ដែល លោកមានបំណងនាំមកកម្ពុជា។
សម្ដេចតេជោក៏បានទទួលស្វាគមន៍ និងសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈសម្រាប់អនុស្សាវរីយ៍រវាងកម្ពុជានិងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចតេជោក៏បានណែនាំទៅដល់ លោក សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្តជាមួយនឹងសាលារាជធានីភ្នំពេញ។
ពាក់ព័ន្ធទៅនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំជូន លោក សុខ ចិន្តាសោភា ផងដែរសូមឱ្យលោកសហការសម្របសម្រួលជាមួយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម គឺ លោក លឹម គានហោនិងស្ថាប័នពាក់ព័ន្ធដទៃទៀត ក្នុងការអនុញ្ញាតឱ្យប្រតិភូរបស់លោក Takahashi Fumaikiដើម្បីធ្វើបទបង្ហាញពាក់ព័ន្ធនឹងករណីនេះផងដែរ៕