ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិរវាងប្រទេសកម្ពុជា និងជប៉ុន

(ភ្នំពេញ)៖លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានទទួលជួបពិភាក្សាការងារជាមួយ លោក​​Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជាកាលពី​​ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២២ ដើម្បីពង្រឹ​ងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើឡើង។
កិច្ចជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពា​ណិជ្ជកម្ម ព្រមទាំងប្រតិភូសមាគមកម្ពុជា-ជប៉ុន ជាច្រើនរូបផងដែរ។
លោក​​រដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក​​ប្រធានសមាគមនិងសហការី ហើយចាប់ផ្ដើមពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាការ​ងារលើការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងជប៉ុន ផងដែរ។
លោក​​រដ្ឋមន្រ្តីបន្តថា ជាមួយនឹងភាពជាដៃគូជាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារច​នាសម្ព័ន្ធការផ្តល់នូវកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិ​ជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត។ លើសពីនេះវិនិយោគិនជប៉ុនបានមកវិនិយោគនៅកម្ពុជា ដោយនាំមកនូវលំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) និងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)។
លោក​​រដ្ឋមន្រ្តីបន្ថែមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP) បានពន្លឿនការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្តល់សិទ្ធិសេរីភាពនៃពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។
តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ(DGCE)ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ពាន់លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២១។សក្តានុពលផលិតផលនាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងសង្ហារឹមដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ។
ជាមួយគ្នាពីនេះ កម្ពុជាក៏បាននាំចូលសូត្រឆៅប្រមាណ៤០០ទៅ៥០០តោនក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារធំៗដែលរួមមានប្រទេសថៃវៀតណាមចិននិងជប៉ុនហើយទីផ្សារជប៉ុនបានក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ ដែលមានចំនួនរហូតដល់១,៥លានដុល្លារ។
លោក​​រដ្ឋមន្រ្តីបានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិននិងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជាជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគដោយសាររាជរដ្ឋាភិបាលកម្ពុជាបានធានានូវស្ថិរភាពសន្តិភាពនិងនយោបាយព្រមទាំងការវិនិយោគនិងបរិយាកាសអាជីវកម្មដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។
លោក​​ប្រធានសមាគមបានសម្ដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គមជាពិសេសការសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានេះប្រធានសមាគម បង្ហាញនូវការគាំទ្រលើចំណុចដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ក្នុងនោះរួមមាន៖ ១)សមាគមជប៉ុន-កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីកម្ពុជា-ជប៉ុន ទៅរាជរដ្ឋាភិបាលជប៉ុន ២)អភិវឌ្ឍន៍ការវិនិយោគខ្សែរច្រវ៉ាក់តម្លៃសូត្រនៅតាមខេត្តគោលដៅ និង៣) បន្តគាំទ្រការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា។
ទន្នឹមនឹងនេះលោក Kazunori Kato ដែលជាប្រធានក្រុមហ៊ុន iL BRiLLE Co.,Ltdក៏បានធ្វើបទបង្ហាញពីការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជាជាពិសេសទៅលើការវិនិយោគខ្សែរច្រវ៉ាក់តម្លៃសូត្រ។
រដ្ឋមន្រ្តីបានកត់សម្គាល់ថា កិច្ចជំនួបពិភាក្សាការងារនេះ គឺជាជំហានមួយរបស់កម្ពុជាក្នុងការកសាងផែនទីចង្អុលបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតហើយនឹងក្លាយជាសូចនាករគោល​ដៅរបស់ក្រសួងពាណិជ្ជកម្មនិងសមាគមកម្ពុជា-ជប៉ុន ក្នុងការសម្រេចគោលដៅជំរុញផលិតកម្មនិងការនាំចេញរបស់សហគ្រាសធុនមីក្រូតូចនិងមធ្យម(MSMEs)ព្រមទាំងអ្នកផលិតនៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ៕