ខេត្តក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះនៅថ្ងៃទី៧ ខែកុម្ភៈថា សម្តេចនឹងប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលផ្តោតសំខាន់ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។
សម្តេចបានថ្លែងទៀតថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការគូសវាសរបស់សម្តេចផ្ទាល់ ក្រោយពេលដែលកម្ពុជាយើងបានបិទបញ្ចប់នូវភ្លើងសង្គ្រាមដ៏រាំរ៉ៃនៅចុងឆ្នាំ១៩៩៨។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បណ្តាខេត្តនានានៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យទៅភាគនិរតីប៉ុណ្ណោះ។
សម្តេចបន្ទៀតតថា ស្ថានភាពកម្ពុជាបច្ចុប្បន្ន មិនដូចពីពេលមុនទៀតនោះទេ ពីព្រោះពេលនេះ ផ្លូវជាច្រើនត្រូវបានកសាង មណ្ឌលសុខភាព និងសាលារៀនក៏ត្រូវបានពង្រាយជាច្រើនកន្លែងផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា នៅខែអំឡុងមីនាខាងមុខនេះមន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត ៨០លានដុល្លារ ដែលជាជំនួយរបស់ចិន នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះមានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅភ្នំពេញ។