បរទេស៖ វីដេអូថ្មីមួយបានលេចចេញតាមប្រព័ន្ធអ៊ីនធឺណែតកាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីការធ្លាក់យន្តហោះចម្បាំង F-35C របស់អាមេរិក ហើយបានរអិលចុះពីលើនាវាផ្ទុកយន្តហោះ USS Carl Vinson ចូលនៅក្នុងសមុទ្រ នៅកន្លែងណាមួយភាគខាងត្បូងនៃប្រទេសចិន។
បើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា នៅពេលដែលយន្តហោះចម្បាំង F-35C របស់កងទ័ពជើងទឹកអាមេរិកបានធ្លាក់ ខណៈពេលកំពុងចុះចតនៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson នៅទីតាំងដែលមិនត្រូវបានគេបង្ហាញក្នុងសមុទ្រចិនខាងត្បូង ហើយអ្នកបើកយន្តហោះចុចកៅអីហោះចេញដោយសុវត្ថិភាព ចំណែកនាវិក៦នាក់ផ្សេងទៀតបានរងរបួស ខណៈដែលបំណែកយន្តហោះចម្បាំងនេះ ខ្ទាតបែកចេញយន្តហោះ ពេលធ្លាក់។
វីដេអូថ្មី ដែលសន្មត់ថា គឺថតដោយសមាជិកនៃក្រុមនាវិកនៃនាវាផ្ទុកយន្តហោះ បង្ហាញពីវីដេអូឃ្លាំមើល បង្ហាញពីយន្តហោះចម្បាំង F-35C ខិតជិតនឹងនាវាផ្ទុកយន្តហោះ ពេលចុះចត ខណៈដែលអ្នកគ្រប់គ្រងការហោះហើរបានស្រែកព្រមានអំពីការចុះចត៕
ប្រែសម្រួលៈ ណៃ តុលា