បរទេស៖ប្រមុខអង្គការសហប្រជាជាតិ(UN)លោកAntonio Guterres បាននិយាយប្រាប់ រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី និងប្រទេសអ៊ុយក្រែនថា វាដល់ពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹង និងសកម្មភាពយោធានៅលើទឹកដីនេះហើយ ខណៈដែលកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Luhansk គ្រប់គ្រងដោយរដ្ឋាភិបាលបានអះអាងថា ពួកគេបានមើលឃើញការកើនឡើងនៃចំនួនកងទ័ពនិងសកម្មភាពយុទ្ធោបករណ៍នៅជិតព្រំដែនដែលក្រុមផ្តាច់ខ្លួនចេះតែផ្គើនផ្លោងគ្រាប់កាំភ្លើងធំកំញ៉ោញទីក្រុងកៀវ ។
ការផ្លោងគ្រាប់កាំភ្លើងធំចេញពីភាគីគ្រប់គ្រងដោយក្រុមបំបែកខ្លួន បានកើតឡើងអស់រយៈពេលជាង ៣ថ្ងៃមកហើយ ។
លោក Guterres បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកមានការព្រួយបារម្ភខ្លាំងចំពោះភាពតានតឹងដែលកើនឡើង និងលទ្ធភាពនៃជម្លោះយោធាដែលអាចកើតមាននៅអឺរ៉ុបដែលយើងមិនអាចទទួលយកបាន ខណៈមានការប្រឈមដាក់គ្នាប្រកបដោយគ្រោះមហន្តរាយបែបនេះនោះ។
លោកនិយាយថា កងកម្លាំងUNនៅតែធ្វើប្រតិបត្តិការពេញលេញនៅក្នុងប្រទេសអ៊ុយក្រែន។
ផ្អែកលើធម្មនុញ្ញ UN សមាជិកទាំងអស់ត្រូវដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ក្នុងលក្ខណៈសន្តិភាព និងសន្តិសុខអន្តរជាតិនិងយុត្តិធ៌ម មិនត្រូវបង្កឲ្យមានគ្រោះថ្នាក់នោះទេហើយសមាជិកទាំងអស់ត្រូវទប់ស្កាត់ក្នុងទំនាក់ទំនងអន្តរជាតិ មិនគំរាម ឬប្រើប្រាស់កម្លាំងមកលើបូរណភាពទឹកដីឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយឡើយឬក្នុងលក្ខណៈផ្សេងទៀតដែលមិនសមស្របទៅនឹងគោលបំណងរបស់ UN ។
លោក Guterres បានស្វាគមន៍ចំពោះវិធានការទំនាក់ទំនងការទូត និងការចូលរួម នាពេលថ្មីៗនេះ រួមទាំងរវាងប្រមុខរដ្ឋ ប៉ុន្តែលោកបានជំរុញថា ត្រូវតែធ្វើរឿងបន្ថែមទៀត ហើយការបោះបង់ចោលផ្នែកការទូតសម្រាប់ការប្រឈមមុខដាក់គ្នា មិនមែនជាជំហានត្រូវរំលងនោះទេ
ថ្វីត្បិតតែមានការអំពាវនាវពីប្រមុខ UNបែបនេះក៏ដោយរុស្ស៊ីនៅតែបន្តសមយុទ្ធយោធារបស់ខ្លួនដដែល។កាលពីថ្ងៃចន្ទម្សិលមិញ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូកងទ័ពមកពីតំបន់យោធាភាគខាងត្បូងកំពុងហ្វឹកហាត់ជាមួយនឹងកាំភ្លើងត្បាល់អំឡុងពេលសមយុទ្ធយោធានៅតំបន់គ្រីមៀ ៕