ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី

ភ្នំពេញ៖ បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយ លោក​​ សាឡឺមសៃ ឃុំម៉ាសុីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួចហេីយ​ នៅវិមានសន្តិភាពកា​លពី​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តជួបជាមួយឯកឧត្តម Vivian Balakris​hnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី ។
លោក​​ វីវៀន បានថ្លែងអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលមេដាយសន្តិភាព ស៊ុនហាក់ ហើយបានមានប្រសាសន៍ថា នេះជាការទទួលស្គាល់ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ទេ គឺទូទាំងពិភពលោក ។
លោក​​ វីវៀន ក៏បានសម្ដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរដែលបានទទួលនូវ ជោគ​ជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ដោយកម្ពុជាបានចាក់​វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់ច្រើនជាងប្រទេសអភិវឌ្ឍន៍មួយចំនួនហើយអត្រាស្លាប់ក៏មានទាបជាងគេដែរនេះគឺជាកត្តាដែលអនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័។
អ្នកវិនិយោគសិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរជាពិសេសនៅលើវិស័យពាណិជ្ជកម្ម លើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ។ ក្នុងន័យនេះឯកឧត្តម វីវៀនបានគោរពជម្រាបជូន សម្ដេចតេជោថា សិង្ហបុរី បន្ត គាំទ្រនិង ជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន ។
សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ លោក​​ វីវៀន ដែលបានសម្ដែងនូវការអប​អរជូនចំពោះសម្ដេច និងការពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តម នាយករដ្ឋមន្ត្រី ហើយ​ក៏បានថ្លែងអំណរគុណជូនសិង្ហបុរីដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ ។
ជាមួយគ្នា​នេះផងដែរ​សម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការជំរុញការវិនិយោគមកកម្ពុជាកាន់តែច្រើនជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំ និងពិនិត្យមើលលើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន ។​
ក្នុងជំនួបនេះ សម្ដេចតេជោក៏បានជម្រាបជូនវីវៀនដែរអំពីគោលបំណងរបស់សម្ដេច ក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទី១)​គឺធ្វើយ៉ាងណាកាត់បន្ថយឬលុបបំបាត់អំពើហិង្សាតាមរយៈការឈប់បាញ់គ្នាទី២)រកវិធីផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជ​នមី​យ៉ាន់ម៉ា ដោយគ្មានការរើសអើង និងទី៣) គឺបង្កើតនូវការសន្ទនា ។