ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖ ស្ថានភាពភូមិសាស្រ្តនយោបាយអ៊ុយក្រែន-រុស្ស៊ីនៅតែតានតឹងក្រោយប្រមុខអូតង់អះអាងថាទីក្រុងMoscowមិនបានដកកងទ័ពចេញពីតំបន់ក្តៅនោះទេ

បរទេស៖អគ្គលេខាធិការអង្គការអូតង់លោកJens Stoltenbergនិយាយថា ពុំមានសញ្ញាណាមួយបញ្ជាក់ថាកងកម្លាំងរុស្ស៊ីកំពុងបន្ធូរបន្ថយភាពតានតឹងជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែនទេទោះបីទីក្រុងMoscowអះអាងថា ខ្លួនកំពុងដកកងទ័ពមួយចំនួនចេញពីព្រំដែនក៏ដោយ ជាហេតុធ្វើឲ្យស្ថានភាពភូមិសាស្រ្តនយោបាយអ៊ុយក្រែន-រុស្ស៊ី នៅតែតានតឹងដដែល ។
លោកបញ្ជាក់ថា រុស្ស៊ីនៅតែដាក់ពង្រាយកងទ័ពយ៉ាងច្រើនដើម្បីវាយប្រហារអ៊ុយក្រែន។សហរដ្ឋអាមេរិកនិងអូតង់បាននិយាយថា រុស្ស៊ីនៅតែកំពុងបង្កើនកម្លាំងកងទ័ពជុំវិញអ៊ុយក្រែនកាលពីថ្ងៃពុធទោះបីជាមានការអះអាងពីរុស្ស៊ីថាខ្លួនបានដកកងទ័ពមួយចំនួនក៏ដោយ ដែលនាំឲ្យមានការចោទជាសំណួរអំពីក្ដីបំណងរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលថាលោកចង់បានដំណោះស្រាយវិបត្តិនេះតាមរយៈច្រកការទូត ។
ប្រមុខអូតង់រូបនេះបានព្រមានថាការគំរាមកំហែងពីរុស្ស៊ីបានក្លាយទៅជារឿងធម្មតាថ្មី ហើយ​ប្រទេសមួយនេះកំពុងពិចារណាលើការពង្រឹងកម្លាំងនៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានច្រានចោលពីការវិនិច្ឆ័យស្ថានភាពរបស់លោក Stolten​berg។ អ្នកនាំពាក្យក្រុងក្រឹមឡាំងបានបញ្ជាក់សារជាថ្មីថា ទាហានមួយចំនួនត្រូវបានដកចេញក្រោយការបញ្ចប់សមយុទ្ធយោធា ។
ក្រសួងការពារជាតិរបស់រុស្ស៊ីក៏បានបញ្ចេញរូបភាពវីដេអូ ផងដែរកាលពីថ្ងៃពុធបង្ហាញពីរថក្រោះជាច្រើនគ្រឿង កំពុងចាកចេញ ពីតំបន់គ្រីមេ ដែលជាឧបសម្ព័ន្ធរបស់ក្រុង Moscow។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនលែងចាប់អារម្មណ៍នឹងសេចក្ដីថ្លែងការណ៍របស់លោកStoltenberg ទៀតហើយ ។
ទន្ទឹមនឹងនោះដែរ ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ចេញវីដេអូនៃការបន្តធ្វើសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងបេឡារុស្ស។ពួកគេបញ្ជាក់ថា វីដេអូនេះបង្ហាញពីអង្គភាពរថក្រោះកំពុងធ្វើសមយុទ្ធ និងរុញច្រានការវាយលុករបស់សត្រូវ ។
ប្រទេសលោកខាងលិចព្រួយបារម្ភថាសមយុទ្ធនេះអាចប្រើជាការបិទបាំងសម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន ប៉ុន្តែរដ្ឋមន្ត្រីការបរទេសបេឡារុស្ស លោក Vladimir Makeiបាននិយាយថាកងទ័ពនិងសព្វាវុធរបស់ប្រទេស រុស្ស៊ីទាំងអស់នឹងចាកចេញពីប្រទេសបេឡារុស្ស បន្ទាប់ពីសមយុទ្ធបញ្ចប់នៅថ្ងៃអាទិត្យខាងមុខនេះ។
ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានជាប់គាំងនៅក្នុងជម្លោះដ៏ជូរចត់ចាប់តាំងពីឆ្នាំ ២០១៤រហូត​មក​នៅពេលដែលមេដឹកនាំដែលស្និតស្នាលជាមួយវិមានក្រឹមឡាំង របស់ប្រទេសអ៊ុយក្រែនត្រូវបានបណ្តេញចេញពីតំណែងដោយការបះបោរ ។
ទីក្រុង Moscowបានឆ្លើយតបដោយការបញ្ចូលឧបសម្ព័ន្ធតំបន់ឧបទ្វីបគ្រីមៀ ហើយគាំទ្រការបះបោរក្រុមផ្តាច់ខ្លួននៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នាបណ្តាលឲ្យ មនុស្សជាង ១៤.០០០ នាក់ បាត់បង់អាយុជីវិត ។
ដោយឡែក កាលពីល្ងាចថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា រុស្ស៊ីបានបញ្ជូនកងកម្លាំង ប្រមាណ ៧ពាន់នាក់ បន្ថែមទៀតទៅជិតព្រំដែនអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាមានការអះអាងពីទីក្រុងMoscow ថាខ្លួនកំពុងដកកងទ័ពក៏ដោយ ។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ការព្យាយាមបញ្ជាក់ដដែលៗរបស់រុស្ស៊ី ពីការដកកងទ័ពរបស់ខ្លួនគឺបរាជ័យ ហើយនិងបានព្រមានថា ការបើកចំហជាសាធារណៈរបស់លោកប្រធានាធិបតី Vladimir Putin ដែលថា ចង់បានការចរចាតាមច្រកការទូត គឺក្លែងក្លាយ ។
មន្ត្រីដដែលនិយាយថា រាល់សុចនាករដែលយើងមាននៅពេលនេះត្រឹមតែជាការប្រកាសពីជំហរនៃការចរចា ជាសាធារណៈ និងការអះអាងអំពីការបន្ធូរបន្ថយភាពតានតឹងតែប៉ុណ្ណោះ ខណៈប្រទេសនេះចល័តកងកម្លាំងស្ងាត់ៗត្រៀមធ្វើសង្រ្គាមនៅអ៊ុយក្រែន ។
ខណៈពេលនោះដែរបណ្ដាប្រទេសលោកខាងលិចបានព្រមានកាលពីថ្ងៃពុធថាបច្ចុប្បន្នវត្តមានយោធារបស់រុស្ស៊ីកំពុងកើនឡើងនៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសអេស្តូនី បាននិយាយថាក្រុមអង្គភាពយោធាមួយចំនួនរបស់រុស្ស៊ីកំពុងធ្វើសកម្មភាព ដូចជាត្រៀមមុនការវាយប្រហារដណ្ដើមគ្រប់គ្រងទីតាំងភូមិសាស្ត្រដ៏សំខាន់ ដែលផ្ទុយទៅនឹងការអះអាងការដកកងទ័ពរបស់ទីក្រុង Moscow ៕