បរទេស៖បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍កំពុងមើលឃើញការហក់ឡើងខ្ពស់ករណីឆ្លងវីរុសបម្លែងខ្លួនថ្មីOmicron។ កាលពីថ្ងៃពុធម្សិលមិញប្រទេសថៃបានរកឃើញករណីឆ្លងថ្មីចំនួន ១៦.៤៦២នាក់និងស្លាប់ថ្មី២៧នាក់ ហើយនៅថ្ងៃព្រហស្បតិ៍នេះមានករណីឆ្លងថ្មី ១៧.៣៤៩នាក់ និងស្លាប់ថ្មី ២២ នាក់ ដែលនាំឲ្យប្រទេសថៃមានករណីឆ្លងសរុបចំនួន ២.៦៥៦.៤១១នាក់ និងស្លាប់សរុប ២២.៥៤១នាក់ ។
ប្រទេសឥណ្ឌូនេស៊ីវិញបានរកឃើញករណីឆ្លងថ្មីជាង ៥៧.០០០ នាក់និងករណីស្លាប់ថ្មីចំនួន ១៣៤នាក់កាលពីថ្ងៃអង្គារហើយកាលថ្ងៃពុធម្សិលមិញប្រទេសមួយនេះរកឃើញករណីឆ្លងថ្មី ៦៤.៧១៨នាក់និងករណីស្លាប់ថ្មីចំនួន ១៦៧នាក់ដែលនាំឲ្យប្រទេសនេះមានករណីឆ្លងសរុបចំនួន ៤.៩៦៦.០៤៦ នាក់និងករណីស្លាប់សរុប១៤៥.៦២២នាក់ ។
ដោយឡែកប្រទេសសិង្ហបុរីបានរាយការណ៍ករណីឆ្លងថ្មីជំងឺ COVID-19ចំនួន ១៦.៨៨៣នាក់ កាលពីថ្ងៃពុធក្នុងនោះករណីឆ្លងក្នុងស្រុកមានចំនួន ១៦.៦៨៩នាក់ និងករណីឆ្លងនាំចូល ចំនួន ១៩៤នាក់ ។
ប្រទេសម៉ាឡេស៊ីវិញបានបានរកឃើញករណីឆ្លងថ្មីជំងឺ Covid-19ចំនួន ២៧.៨៣១នាក់ ក្នុងរយៈពេល២៤ម៉ោងដែលនាំឲ្យអ្នកឆ្លងសរុបនៅប្រទេសនេះកើនឡើងដល់ ៣.១១១.៥១៤នាក់។
ខណៈពេលនោះដែរមន្ទីរពេទ្យនៅក្នុងទីក្រុងហុងកុងកំពុងជួបការលំបាកក្នុងការពុះពារទៅនឹងលំហូរចូលនៃអ្នកឆ្លងវីរុសថ្មីក្នុងពេលមានករណីឆ្លងថ្មីកាន់តែច្រើន ។
ទីក្រុងហុងកុងកំពុងប្រឈមមុខទៅនឹងការផ្ទុះឡើងជំងឺរាតត្បាតអាក្រក់បំផុតរបស់ខ្លួន ជាមួយនឹងករណីឆ្លងថ្មីជំងឺCOVID-19ចំនួន២ពាន់នាក់ ក្នុង១ថ្ងៃ។រដ្ឋាភិបាលទីក្រុងហុងកុង បានបង្កើតវិធានការតឹងរ៉ឹង ដោយហាមឃាត់រាល់ការជួបជុំមិនឲ្យលើសពី ២គ្រួសារនោះទេ ៕