អន្តរជាតិ៖នៅថ្ងៃអង្គារនេះតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ឡើងដល់ជិត៩៨ដុល្លារក្នុង១បារ៉ែលក្រោយរុស្ស៊ីទទួលស្គាល់តំបន់ផ្តាច់ខ្លួនរបស់ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតអ៊ុយក្រែនថាជារដ្ឋឯករាជ្យ ។
ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តលោកខាងលិចបានគំរាមដាក់ទណ្ឌកម្មមកលើប្រទេសមួយនេះ ។
រុស្ស៊ីគឺជាប្រទេសនាំចេញប្រេងឆៅធំបំផុតលំដាប់លេខ២បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ពួកគេក៏ជាប្រទេសផលិតឧស្ម័នធម្មជាតិធំបំផុតរបស់ពិភពលោកផងដែរ ។
អ្នកស្រី Sue Trinhមកពីក្រុមហ៊ុនធានារ៉ាប់រងនិងសេវាកម្មហិរញ្ញវត្ថុកាណាដា Manulife Investment Managementបាននិយាយថា ភាពតានតឹងតាមតំបន់ព្រំដែន អាចជាការជំពាក់ជំពិនដុំកុំភួន ។
អ្នកស្រីបន្តថាទណ្ឌកម្មបង្ខំឲ្យរុស្ស៊ីផ្គត់ផ្គង់ប្រេងឆៅឬឧស្ម័នធម្មជាតិតិចជាងមុននឹងធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល ។
ប្រទេសមហាអំណាចលោកខាងលិចមានការព្រួយបារម្ភថាការទទួលស្គាល់តំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putinនឹងត្រួសត្រាយផ្លូវឲ្យទាហានរុស្ស៊ីចូលតំបន់ភាគខាងកើតអ៊ុយក្រែនជាផ្លូវការ ។
សាធារណរដ្ឋប្រជាមានិតដូណេតនិងលូហានប្រកាសដោយខ្លួនឯងគឺជាទឹកដីរបស់ក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីដែលបានធ្វើសង្រ្គាមជាមួយទាហានអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០១៤រហូតមក ។
ការទទួលស្គាល់របស់រុស្ស៊ីនេះដែរនឹងបញ្ចប់ដោយមានប្រសិទ្ធិភាពកិច្ចប្រជុំស្វែងរកសន្តិភាពនៅក្នុងតំបន់មួយនេះដែលស្ថិតក្រោមបទឈប់បាញ់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ក្រុមវិនិយោគិនសមធម៌ មានការខ្វាយខ្វល់ខ្លាំងចំពោះដំណើរវិវត្តន៍ចុងក្រោយនេះ ស្របពេលដែលសេដ្ឋកិច្ចសកលនៅងើបពីផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។
ផ្សារភាគហ៊ុន Nikkei 225របស់ជប៉ុនបានធ្លាក់ចុះជាង២ភាគរយ ខណៈផ្សារភាគហ៊ុនចិន Shanghai Compositeបានធ្លាក់ចុះ១,៤ភាគរយ។ចំណែកឯផ្សារភាគហ៊ុនអាមេរិក S&P 500 ធ្លាក់ចុះ ១,៦ភាគរយផ្សារភាគហ៊ុន Dow Jones ធ្លាក់ចុះ ១,៤ភាគរយនិងផ្សារភាគហ៊ុន Nasdaq 100 ធ្លាក់ចុះ ២.២ភាគរយ។
លោក Song Seng Wunគឺជាសេដ្ឋកិច្ចវិទូនៅធនាគារ CIMB Private Bankingបាននិយាយថា លទ្ធភាពនៃការផ្ទុះសង្រ្គាមគឺស្ថិតនៅក្នុងចិត្តរបស់ក្រុមវិនិយោគិន ។លោកបន្តថា ទីផ្សារបច្ចុប្បន្នដូចសមុទ្រក្រហមដ៏សែនជ្រៅ ។មាននូវក្តីកង្វល់ថាការដឹកជញ្ជូននិងថ្លៃដឹកជញ្ជូនដែលបានឡើងដល់កម្រិតខ្ពស់រួចទៅហើយនោះនឹងឡើងខ្ពស់ជាងនេះទៀត ដោយសារតែការអាក់ខានតម្រូវការផ្គត់ផ្គង់សកល ៕