នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងជំនួបសំណេះសំណាលនេះ រដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។
បើតាម រដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព។
ជាថ្មីម្តងទៀត រដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម។ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម ជាសេនាធិការលើរឿងនេះ បានសហការជាមួយវិស័យឯកជនដូចជារោងម៉ាសុីនកិនស្រូវ ជួយអន្តរាគមន៍ដល់បងប្អូនប្រជាកសិករទាំងអស់អាចលក់ផលស្រូវបាន និងទទួលបានការសង្គ្រោះទាន់ពេលវេលា៕