ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនាញ៖ក្រោយត្រូវព្រនុងទណ្ឌកម្មលោកខាងលិចលំហូរពាណិជ្ជកម្មរុស្ស៊ី ងាកទៅរកចិនវិញ

បរទេស៖សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចទ្រង់ទ្រាយធំមកលើរុស្ស៊ី បើសិនជាទីក្រុងម៉ូស្គូបង្កើនជម្លោះរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនពោលគឺពួកគេនឹងមិនបណ្តោយឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនរុស្ស៊ី ចូលដល់ប្រតិបត្តិការប្រាក់ដុល្លារនោះទេ និងទីផ្សារសកលសម្រាប់ពាណិជ្ជកម្ម ការនាំចេញថាមពល ហើយនិងការផ្តល់ហិរញ្ញបទាន ។
ប៉ុន្តែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីមុនមិនដែលចង់កាត់សេដ្ឋកិ ច្ចទំហំទឹកប្រាក់១.៥សែនកោដិដុល្លារចេញពីពាណិជ្ជកម្មសកលនោះទេ ហើយគេក៏នៅមិនទាន់ច្បាស់នោះដែរថាតើសំពាធច្រើនបែបណាដែលលោកខាងលិចរួមគ្នាដាក់មកលើទីក្រុងម៉ូស្គូ ។

ការពិនិត្យឡើងវិញរបស់ធនាគារពិភពលោក និងទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា ចាប់តាំងពីមានទណ្ឌកម្មតិចតួចបានដាក់មកលើទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០១៤ ក្រោយរុស្ស៊ីបញ្ចូលតំបន់ឧបទ្វីបគ្រីមេប្រទេសអ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួននោះ ប្រទេសចិន បានក្លាយជាគោលដៅនាំចេញធំជាងគេបំផុតរបស់រុស្ស៊ី ។
លោក Harry Broadmanអតីតអ្នកចរចាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងជាមន្រ្តីធនាគារពិភពលោកធ្លាប់មានបទពិសោធន៍នៅប្រទេសចិន និងរុស្ស៊ី បាននិយាយថា ទណ្ឌកម្មថ្មីនេះ អាចនឹងជំរុញឲ្យរុស្ស៊ីព្យាយាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្មមិនសូវគិតប្រាក់ដុល្លារ ជាមួយចិន ដើម្បីចៀសវាងពីសំពាធទាំងអស់នេះ ។
លោក Broadman បាននិយាយថា បញ្ហានៃទណ្ឌកម្មពិសេសពាក់ព័ន្ធនឹងអ្នកផលិតប្រេង ដែលរុស្ស៊ីមាន នឹងជ្រាបចេញក្នុងប្រព័ន្ធ។ចិននឹងនិយាយថា “ពួកយើងនឹងទិញប្រេងនៅលើទីផ្សារបើកចំហ ហើយបើសិនជាប្រេងរបស់រុស្ស៊ី ពួកគេទិញយក” ។
សេតវិមាន បាននិយាយថា ក្រោមញត្តិប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ រាល់ស្ថាប័ននៅក្នុងវិស័យសេវាកម្មហិរញ្ញបទានរុស្ស៊ី នឹងក្លាយជាគោលដៅទណ្ឌកម្មបន្ថែមទៀត ដោយពួកគេកត់សំគាល់ឃើញថា ជាង ៨០ភាគរយនៃប្រតិបត្តិការប្តូរប្រាក់បរទេសប្រចាំថ្ងៃរុស្ស៊ី និងពាក់កណ្តាលនៃពាណិជ្ជកម្មរបស់ពួកគេ គឺធ្វើឡើងដោយប្រាក់ដុល្លារ ។
អំឡុងការប្រកាសទណ្ឌកម្មដំបូងកាលពីថ្ងៃអង្គារ ដើម្បីពិន័យរុស្ស៊ីសម្រាប់ការបញ្ជាទាហានឲ្យចូលតំបន់២កន្លែងនៅភាគខាងកើតអ៊ុយក្រែន លោក Biden បាននិយាយថា លោកនឹងចាត់វិធានការដ៏រឹងមាំបំផុតដើម្បីឲ្យប្រាកដថា ការឈឺចាប់ផ្នែកទណ្ឌកម្មរបស់ពួកយើង គឺមានគោលដៅមកលើសេដ្ឋកិច្ចរុស្ស៊ី តែមិនមែនជាសេដ្ឋកិច្ចរបស់ពួកយើងនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ ការនិយាយគឺស្រួលជាងធ្វើពីព្រោះថា រុស្ស៊ីស្ថិតនៅក្នុងចំណោមប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក ទាំងការនាំចេញឧស្ម័នធម្មជាតិ ស្ពាន់ អាលុយមីញ៉ូម ប្លាទីន និងទំនិញសំខាន់ៗដទៃទៀត ។
កាលពីថ្ងៃអង្គារ តម្លៃប្រេង បានហក់ឡើងខ្ពស់ជិតកប់ពពកដែលគេមិនធ្លាប់ដែលមើលឃើញ ចាប់តាំងពីឆ្នាំ ២០១៤ មក។
ទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថា រុស្ស៊ី រាប់បញ្ចូល១,៩នៃពាណិជ្ជកម្មសកលក្នុងឆ្នាំ ២០២០ ពោលគឺធ្លាក់ចុះពីចំនួន ២,៨ភាគរយកាលពីឆ្នាំ ២០០៣ ។ ចំណែកឯផលិតផលក្នុងស្រុកសរុប(GDP)ក្នុងឆ្នាំ ២០២០របស់ពួកគេវិញឈរនៅចំណាត់ថ្នាក់លេខ ១១សកលលោក ពោលគឺស្ថិតនៅចន្លោះប្រេស៊ីល និងកូរ៉េខាងត្បូង ៕