ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទាហានម្នាក់បានស្លាប់និង៦នាក់ផ្សេងទៀតរងរបួសដោយសារការផ្លោងគ្រាប់កាំភ្លើងរបស់ក្រុមផ្តាច់ខ្លួនមកលើតំបន់ភាគខាងកើតអ៊ុយក្រែន

ទីក្រុងកៀវ៖យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ទាហានម្នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស ក្នុងឧប្បត្តិហេតុផ្លោងគ្រាប់កាំភ្លើងធំរបស់ក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ស្របពេលដែលការបំពានបទឈប់បាញ់នៅតែស្ថិតក្នុងកម្រិតខ្ពស់ ។
យោធាអ៊ុយក្រែនបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Faceboo kរបស់ខ្លួនថា ពួកគេបានរកឃើញឧប្បត្តិហេតុផ្លោងគ្រាប់កាំភ្លើងធំ៩៦លើករបស់ក្រុមផ្តាច់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បើប្រៀបធៀបនឹងរយៈពេល១ថ្ងៃមុន មានឧប្បត្តិហេតុផ្លោងគ្រាប់កាំភ្លើងធំត្រឹមតែ ៨៤លើកប៉ុណ្ណោះ ។

យោធាអ៊ុយក្រែនបន្តទៀតថា ក្រុមផ្តាច់ខ្លួនប្រើប្រាស់កាំភ្លើងធំធន់ធ្ងន់កាំភ្លើងត្បាល់ និងប្រព័ន្ធបាញ់រ៉ុក្កែត Grad ។
អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានបង្កអំពើហិង្សានិងអរិភាពហើយពួកគេប្រើប្រាស់វាជាលេសដើម្បីទទួលស្គាល់ផ្លូវការតំបន់ភាគខាងកើតអ៊ុយក្រែន ព្រមទាំងបញ្ជូនទាហានពួកគេ ចូលទៅក្នុងតំបន់ ធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរ ដែលលោកខាងលិចព្រួយបារម្ភថា វានឹងអាចកើតចេញជាសង្រ្គាមទ្រង់ទ្រាយធំ ។
ខណៈពេលនោះដែរ លោកស្រី Jen Psaki គឺជាអ្នកនាំពាក្យសេតវិមាន បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា រាល់ផែនការសម្រាប់កិច្ចប្រជុំរវាងលោកប្រធានាធិបតី Joe Biden និងលោកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានផ្អាក ។

លោកស្រី Psakiមិនបានច្រានចោលការប្រជុំដែលកើតឡើងនៅពេលអនាគតនោះទេ ប៉ុន្តែលោកស្រី បានបញ្ជាក់ថា លោក Biden នឹងមិនជួបជាមួយលោក Putin លុះត្រាតែរុស្ស៊ីបន្ធូរបន្ថយស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែនដោយការដកកងទ័ព ។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា យើងនឹងមិនបិទទ្វារទាំងស្រុងចំពោះផ្នែកការទូតនោះទេ ប៉ុន្តែការទូតមិនអាចជោគជ័យបានទេ លុះត្រាតែរុស្ស៊ីផ្លាស់ប្តូរជំហរ ៕