ភ្នំពេញ៖ មន្រ្តីសក្កិ៤កន្លះម្នាក់មានអត្តលេខ ២៣៣ ១១៩ នៅអង្គភាពកងពលធំលេខ២ កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ ឈ្មោះ ហួន ស៊ីហា ត្រូវបានជនរងគ្រោះបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរកាលកាលពីថ្ងៃទី២៧ខែកុម្ភៈនេះថា លោកវរសេនីយ៍ទោ ហួន សីហា បាននិងកំពុងតែដើរក្លែងបន្លំសក្តិ និងតួនាទីរបស់ជាឧត្តមសេនីយ៍ និងជាជំនួយការ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ រួចធ្វើសកម្មភាពឆបោកលុយពីពលរដ្ឋអស់ជាច្រើនគ្រួសារជាថ្នូរបានចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
យោងតាមព័ត៌មានដែលស្និទ្ធិនិងជនរងគ្រោះបានអះអាងថា« រយៈពេល១ឆ្នាំមកនេះ ឈ្មោះ ហួន សីហា បានឆបោកលុយជនរងគ្រោះជាច្រើននាក់មកហើយ ពោលគឺ អស់ទឹកប្រាក់ រាប់សែនដុល្លារ ដោយបានគៀងគរពលរដ្ឋនិងលួងលោម ដើម្បីបានចូលក្របខណ្ឌ ក្នុងម្នាក់ៗបានចំណាយថវិកាជាង១ម៉ឺនដុល្លារ ប៉ុន្តែរហូតមកដល់ពេលនេះមិនបានបំពេញកាតព្វកិច្ចដូចការសន្យាឡើយ។
ក្រៅពីនេះជនរងគ្រោះបាននិយាយថា «នៅពេលបានយកលុយពីពួកគាត់ម្នាក់ៗ ហើយឈ្មោះ ហួន សីហា បានយកសេចក្តីប្រកាសក្លែងបន្លំឯកសារ របស់ក្រសួងការពារជាតិមាន ឈ្មោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការចុះហត្ថលេខា ថែមទៀតមកឲ្យជនរងគ្រោះ រឿងនេះក្រោយមកទើបរកឃើញថា បុគ្គលរូបនេះបានធ្វើឯកសារក្លែងបន្លំពួកគាត់ទៅវិញ »។
តំណាងជនរងគ្រោះខាងលើបញ្ជាក់ថា លោកវរសេនីយ៍ទោ ហួន សីហា មុនធ្វើសកម្មភាពឆបោកប្រាប់ពលរដ្ឋថា« ជាកូននិងជាជំនួយការផ្ទាល់នាយឧត្តសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ»។
បច្ចុប្បន្ន ជនរងគ្រោះជាច្រើននាក់ ដែលចាញ់បោកឈ្មោះ ហួន សីហា បាននិងកំពុងតែរៀបចំពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គលខាងលើនេះ ដែលកំពុងតែធ្វើសកម្មភាពឆបោកជាបន្តបន្ទាប់។
ពលរដ្ឋអ្នករងគ្រោះបន្ថែមថា ពួកគាត់មិននឹកស្មានថា បុគ្គលរូបនេះហ៊ានយកឈ្មោះ ថ្នាក់ដឹកនាំ និងក្លែងបន្លំទួនាទីដើរបោកប្រាស់គេដូច្នោះសោះ ហើយពួកគាត់ធ្វើដូច្នោះគឺ ដើម្បីកុំឲ្យបុគ្គលនេះបន្តយកឈ្មោះមន្រ្តីនៃកងយោធពលខេរភូមិន្ទ ដើរឆបោកពលរដ្ឋបន្តទៀត ព្រោះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះមន្រ្តីល្អៗដែលកំពុងតែខិតខំបម្រើជាតិនិងប្រជាពលរដ្ឋ។
លើសពីនេះក្រុមប្រជាពលរដ្ឋជារងគ្រោះក៏បានសំណួមពរយ៉ាងទទូច សូមគោរពជូន ចំពោះ សម្តេចពិជ័យ សេនា ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមសម្តេច មេត្តា រកយុត្តិធម៌នឹងចាត់វិធានការលើមន្រ្តីខិលខូចរូបនេះផង កុំឲ្យដើរបោកប្រាស់ឬឆបោកគេទៀត។
សូមជម្រាបជូនថា បុគ្គលឈ្មោះ ហួន សីហា មានឋានត្រឹមជាវរសេនីយ៍ទោទេ ពោលគឺសក្តិ៤កន្លះ ប៉ុន្តែកន្លងមកបានក្លែងបន្លំតួនាទីខ្លួនជាឧត្តមសេនីយ៍ និងជាជំនួយការនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ រួចបានយកតួនាទីសក្តិ ដែលបានក្លែងនោះជាទៅឆបោកពលរដ្ឋស្លូតត្រង់ជាច្រើនគ្រួសារកំពុងតែរងគ្រោះអស់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ទាប់ផងដែរ។