បរទេស៖ប្រាក់ Rouble របស់រុស្ស៊ីបានធ្លាក់ថ្លៃចំនួន៣០ភាគរយបើប្រៀបនឹងប្រាក់ដុល្លារ ក្រោយបណ្តាប្រទេសលោកខាងលិច ប្រកាសទណ្ឌកម្មថ្មីមកលើទីក្រុង Moscow ពាក់ព័ន្ធនឹងការឈ្លានពានរបស់ពួកគេនៅអ៊ុយក្រែន ។
ការធ្លាក់ថ្លៃទាបបំផុតសម្រាប់រូបបិយប័ណ្ណរុស្ស៊ីបានកើតមានឡើងបន្ទាប់ពីធនាគារប្រទេសមួយនេះ ត្រូវបានគេហាមប្រាមពីការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់អន្តរជាតិ Swift ។
កាលពីថ្ងៃអាទិត្យម្សិលមិញធនាគារកណ្តាលរុស្ស៊ីបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ស្របពេលមានក្តីកង្វល់ថា អាចនឹងមានការប្រញាប់ប្រញាល់ទៅដកប្រាក់ចេញពីធនាគារប្រទេសមួយនេះ ។
ពួកគេបាននិយាយថាពួកគេមាននូវធនធានចាំបាច់និងឧបករណ៍គ្រប់គ្រាន់ ដើម្បីរុក្សាស្ថិរភាពហិរញ្ញវត្ថុ ហើយនិងធានាឲ្យបាននិរន្តន៍ភាពប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ខ្លួន ។
ភាពតានតឹងឡើងកម្តៅខ្លាំងនេះដែរបានធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់ជាង ១០០ដុល្លារក្នុង១បារ៉ែល ។
ចំណាត់ការរបស់សហភាពអឺរ៉ុបសហរដ្ឋអាមេរិក និងប្រទេសម្ព័ន្ធមិត្តរបស់ពួកគេ កាត់ផ្តាច់ធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់សាច់ប្រាក់ Swiftគឺជាវិធានការធ្ងន់ធ្ងរបំផុតដែលដាក់មកលើទីក្រុង Moscow គិតមកទល់នឹងពេលនេះ ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន ។
អចលនទ្រព្យធនាគារកណ្តាលរុស្ស៊ី ឮត្រូវបានបង្កកផងដែរដើម្បីកំណត់សមត្ថភាពប្រទេសមួយនេះចូលដល់ប្រាក់បម្រុងបរទេសរបស់ខ្លួន ។
សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា គោលបំណងសំខាន់គឺចង់កាត់ផ្តាច់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
គួរឲ្យដឹងថា រុស្ស៊ី ពឹងផ្អែកទាំងស្រុងលើប្រព័ន្ធ Swiftសម្រាប់ការនាំចេញប្រេង និងឧស្ម័នរបស់ពួកគេ ។
លោក Ari Redbordមកពីក្រុមហ៊ុនវិភាគ TRM Labs បាននិយាយប្រាប់ BBC ថាលុះត្រាតែធនាគារកណ្តាលរុស្ស៊ីនិងធនគារធំបំផុតរបស់រុស្ស៊ី ដែលត្រូវបានកាត់ផ្តាច់ចេញពីប្រព័ន្ធធនាគារឆ្លើយឆ្លងនោះ អាចស្វែងរកមធ្យោបាយជំនួសឈានដល់ប្រព័ន្ធហិរញ្ញវត្ថុសកលបាន បើពុំដូច្នោះទេ រុស្ស៊ី នឹងប្រឈមភាពឯកាដូចជាកូរ៉េខាងជើង និងអ៊ីរ៉ង់ ពីសេដ្ឋកិច្ចសកល អញ្ចឹងដែរ។
កាលពីមុន លោក Redbord ធ្លាប់បម្រើការងារនៅក្រសួងរតនាគារសហរដ្ឋអាមេរិក ជាកន្លែងដែលលោកមានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់របស់អនុរដ្ឋលេខាធិការទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ ។
នៅថ្ងៃចន្ទនេះក្រុមអ្នកវិនិយោគទុនមានការព្រួយបារម្ភខ្លាំង ក្រោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជាឲ្យយោធារុស្ស៊ីប្រុងជើងការកងកម្លាំងរារាំង ដែលរួមទាំងអាវុធនុយក្លេអ៊ែរ ។
អ្នកស្រី Katrina Ellគឺជាសេដ្ឋកិច្ចវិទូនៅក្រុមវិភាគ Moody’s ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីបាននិយាយថា ទីផ្សារហិរញ្ញវត្ថុ ដឹកមុខដោយហេតុការណ៍ផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ។
អ្នកស្រី បាននិយាយប្រាប់BBCថា ការប្រកាសពាក់ព័ន្ធនឹងទណ្ឌកម្មនិងសកម្មភាពយោធានឹងនៅតែមានការផ្លាស់ប្តូរទីផ្សារក្នុងសប្តាហ៍នេះ ។
នៅថ្ងៃដំបូងនៃការធ្វើពាណិជ្ជកម្ម ចាប់តាំងពីទណ្ឌកម្មថ្មីភ្លាមៗដាក់មកលើទីក្រុង Moscow ប្រាក់ Roubleរុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីមួយទៀត បើប្រៀបធៀបនឹងប្រាក់ដុល្លារ ។
ចំណែកឯប្រាក់អឺរ៉ូ វិញបានធ្លាក់ចុះជាង១ភាគរយ ខណៈដែលតម្លៃប្រេងហក់ឡើងខ្ពស់ ។
សូមបញ្ជាក់ថា បំរាមថ្មីមកលើសមត្ថភាពធនាគារកណ្តាលរុស្ស៊ី ក្នុងការប្រើប្រស់សាច់ប្រាក់បម្រុងបរទេសរបស់ខ្លួនប្រមាណជា ៦៣០ពាន់លានដុល្លារ នឹងធ្វើឲ្យអន្តរាយដល់សមត្ថភាពរបស់ពួកគេក្នុងការការពារប្រាក់ Rouble ។ អតិផរណា នឹងកើនឡើង ដោយសារតែភាពទន់ខ្សោយរូបិយប័ណ្ណ។