(ភ្នំពេញ)៖រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ជាមួយក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាពដែលតម្រូវឲ្យមាននូវការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ដូច្នេះ នាឱកាសដែល អនុញ្ញាតឲ្យលោក ឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ដឹកនាំសមាជិករបស់សមាគមចូលជួបពិភាក្សាការងារមួយចំនួនក៏ដូចជាទទួលបានការណែនាំខ្លះៗ ពីឯកឧត្តមរដ្ឋមន្ត្រី លើទិសដៅនៃការរក្សានិរន្តរភាពការងារ នៃកំណើន នៃវិស័យនេះ ដើម្បីបន្តជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិថ្មី និងលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់សមាគមដែលសម្រេចបានល្អប្រសើរអាចបង្កើននូវប្រសិទ្ធភាពការងារបន្តទៀតសម្រាប់សមាគម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការនាំចេញ។ ដោយសារតែមានករណីកើនឡើងនូវជំងឺបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដូច្នេះទាមទារឲ្យខាងសមាជិករបស់សមាគមដែលមានរោងចក្រសហគ្រាសកំពុងដំណើរការអាជីវកម្មសព្វថ្ងៃនេះ អនុវត្តន៍ឲ្យបានល្អនូវគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP)របស់ក្រសួងឲ្យបានខ្ជាប់ខ្ជួន ក្នុងការរក្សាបាននូវដំណើរការចង្វាក់ផលិតកម្មព្រមទាំងរក្សាការងារជូនបងប្អូនកម្មករនិយោជិតរបស់យើង ជាពិសេសរដ្ឋមន្ត្រីជំរុញឲ្យមានសហគមន៍សុខសាន្តនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថានតាមរយៈបង្កើនទំនាក់ទំនងល្អយោគយល់គ្នារវាងថៅកែនិងកម្មករនិយោជិតដើម្បីជាផលប្រយោជន៍រួម។
លោកឧកញ៉ា គង់ សាង មានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមរហូតមកនេះ នៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយសម្រាប់វិស័យរបស់យើង ដែលជាវិស័យអតិពលកម្ម។ បើវិស័យការងារមានភាពច្របូកច្របល់ហើយនោះវិស័យនេះនឹងមិនមាននិរន្តរភាព និងកំណើនបានឡើយ ទោះបីជាផ្នែកផ្សេងទៀតល្អយ៉ាងណាក៏ដោយ។
ក្នុងន័យនេះការសម្របសម្រួលបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយដែលល្អប្រសើរនិងមានភាពចាស់ទុំនាំមកនូវស្ថេរភាពផលិតកម្ម។ក្នុងអំឡុងពេលកូវីដនេះគោលនយោបាយចាក់វ៉ាក់សាំងដ៏ត្រឹមត្រូវរបស់សម្តេចតេជ រួមនឹងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងការងារ បានធានាដល់ស្ថេរភាពផលិតកម្ម និងកំណើននៃការនាំចេញ។
លោកឧកញ៉ា បញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត។ បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើងចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២។
លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា សមាគមមួយនេះ បានដំណើរការ ២៥ឆ្នាំកន្លងមកហើយ បានដើរតួនាទីជាតំណាងសម្លេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានា ជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើនដែលមានផលប៉ះពាល់ជាសក្តានុពលដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
កន្លងមកនេះ សមាគម បានចូលរួមសហការយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ, ក្រសួងពាណិជ្ជកម្ម, ក្រសួងស្ថាប័នពាក់ព័ន្ធ,អង្គការអន្តរជាតិខាងការងារ, សហជីព និងដៃគូរសង្គមនានា ដើម្បីរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច សង្គមកម្ពុជា ទទួលបានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។
តាមរយៈកិច្ចពិភាក្សានិងស្តាប់យោបល់គ្នាទៅវិញទៅមកដើម្បីរួមគ្នាភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយGMACដែលអាចដោះស្រាយនូវបញ្ហានានាបន្តទៀត ជាពិសេសនៅក្នុងបរិបទកំណើននៃការបញ្ជាទិញគឺកើនឡើងខ្ពស់បណ្តាឲ្យខ្វះខាតនូវកម្លាំងពលកម្ម។
ជាមួយនេះ ក្រសួងនឹងបន្តជំរុញឲ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) និងទីភ្នាក់ងារជ្រើសរើសឯកជន ផ្តល់ការផ្គត់ផ្គង់ទៅដល់រោងចក្រ សហគ្រាស ដែលកំពុងតែមានតម្រូវការកម្លាំងពលកម្មខ្ពស់នេះ ដើម្បីបង្កើនចង្វាក់ផលិតកម្មផ្សេងៗរបស់ខ្លួន៕