ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋសភាកម្ពុជាគំាទ្រពេញទំហឹងបេសកកម្មការទូត របស់ឯកអគ្គរាជទូតថ្មីប្រទេសថៃ ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ពិសេសការលើកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគំាទ្រនិងស្វាគមន៍ បេសកកម្មការទូត របស់លោក ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលលោកបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយនិងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ ជាមួយនិងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរ នោះ។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ធុល ត្រៃសូរ៉ាត់ បានអរគុណសម្តេចប្រធានរដ្ឋសភា ដែលបាទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់លោកជំទាវ នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកបានលើកឡើងពីការតំាងចិត្តនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំនៅពេលនេះ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងវិស័យឯកជន។

លោកឯកអគ្គរាជទូត បានជម្រាបពីផែនការជាច្រើន ដែលឯកត្តម នឹងខិតខំបំពេញឱ្យសម្រេចបាន នៅក្នុងអាណត្តិការទូតរបស់ខ្លួន ក្នុងនោះពេលឆាប់ៗនេះ លោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយភាគីកម្ពុជានិងធ្វើដំណើរទស្សនកិច្ចជាក់ស្តែងទៅកាន់គោលដៅវិនិយោគនិងទេសចរណ៍សំខាន់ៗនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប និងខេត្តនានាដែលជាប់ព្រំដែនកម្ពុជា-ថៃ។លោកបានជម្រាបសម្តេចប្រធានរដ្ឋសភាថា ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា។ កាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្វាគមន៍និងគំាទ្រពេញទំហឹងចំពោះបេសកកម្មការទូតរបស់ លោក ធុល ត្រៃសូរ៉ាត់ នៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណចំពោះលោកនិងសហការី ដែលបានសហការជាមួយភាគីកម្ពុជាបានយ៉ាងល្អ ក្នុងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រថៃ នៅកម្ពុជាក្នុងពេលកន្លងមកនេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តិទៅដោយរលូនទទួលបានផ្លែផ្កាជាទីមោទន នាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ ដែលបានឈរលើភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា ដែលបានជួបពិភាក្សាគ្នាជាប់ជាប្រចាំនៅគ្រប់កម្រិត បានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជននៃប្រទេសទំាងពីរក្នុងការប្រកបរបររកទទួលទាននិងការផ្លាស់ប្តូរទំនិញទៅមកជាប្រចាំថ្ងៃ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អដែលកើតចេញពីការគំាទ្រនិងចូលរួម របស់ប្រជាជនប្រទេសទំាងពីរនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទដែលសកលលោកកំពុងមានការប្រឈម ដែលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មប្រកបដោយភាពស្មុគស្មាញនោះ។

ទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងថៃ មិនត្រឹមតែធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សម្រាប់ប្រជាជននៃប្រទេសទំាងពីរប៉ុណ្ណោះទេ តែមានសារៈសំខាន់ដល់តំបន់និងសកលលោកផងដែរ។

នៅក្នុងជំនួបនេះ ក៏បានពិភាក្សាពីការលើកកម្ពស់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមស្មារតីនៃអនុស្សរណៈដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាកាលពីពេលកន្លងទៅ។ នៅពេលខាងមុខនេះ ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជានឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ ដើម្បីអបអរសាទរខួបលើកទី៧៥នៃទំនាក់ទំនងការទូតប្រទេសទំាងពីរឯកឧត្តមប្រធានរដ្ឋសភាថៃ អាចនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខផងដែរ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍គំាទ្រទំាងស្រុងពីផែនការបេសកកម្មការទូតរបស់ឯកឧត្តម ធុល ត្រៃសូរ៉ាត់ ថានឹងនាំមកនូវជោគជ័យបន្ថែមទៀតដល់ទំនាក់ទំនងប្រទេសទំាងពីរ។ សម្តេចបានគូសបញ្ជាក់ថា ដូចជាវិស័យទេសចរណ៍ រដ្ឋសភាកម្ពុជាសូមគាំទ្រចំពោះគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលចំនួន៦ប្រទេស ដែលបានលើកឡើងអំពី “ប្រាំមួយប្រទេស ទិសដៅតែមួយ/ Six Countries, One Destination” សំដៅជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ មិនមែនតែសម្រាប់ប្រទេសយើងពីរប៉ុណ្ណោះទេ តែសម្រាប់តំបន់ និងដើម្បីកំណើនរួម។

សម្តេចបានមានប្រសាសន៍បន្តថា ចំពោះវិស័យសន្តិសុខវិញ កិច្ចសហប្រតិបត្តិការរបស់កម្ពុជានិងថៃ ទទួលបានលទ្ធផលគួរគត់សម្គាល់ ដែលមិនត្រឹមតែធានាបាននូវសុខសុវត្ថិភាពដល់ប្រទេសនិងប្រជាជនទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យអាស៊ានទំាងមូលមានស្ថិរភាព មានសន្តិសុខ ចូលរួមចំណែកដល់កសាងសហគមន៍អាស៊ាន ប្រកបដោយវិបុលភាពនិងចីរភាពថែមទៀតផង៕