ភ្នំពេញ៖ លោក ម៉ៅ ប៊ុនលី បានចេញមុខស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្វែងរកយុត្តិធម៌ និងទាមទារប្រាក់ ចំនួន ៦០,០០០ ដុល្លារអាមេរិក ត្រឡប់មកវិញ ក្រោយពីភាគីកូនបំណុលគេចវេសមិនព្រមសង ថែមទាំងប្តឹងបកចោទប្រកាន់រូបលោក ពីបទ៖ «ក្លែងបន្លំឯកសារ និងហត្ថលេខា» ទៅវិញ។
យោងតាមការរៀបរាប់របស់ លោក ម៉ៅ ប៊ុនលី បានឱ្យដឹងថា លោកបានឱ្យបុគ្គលឈ្មោះ សេង សេរីបុត្រ ខ្ចីប្រាក់ចំនួន ៦០,០០០ ដុល្លារអាមេរិក តាមរយៈលោក ស៊ុ រិទ្ធី ជាអ្នករៀបចំឯកសារ មានដូចជា កិច្ចសន្យាខ្ចីប្រាក់ដោយផ្ទេសិទ្ធិ សែកធនាគារកាណាឌីយ៉ា ១សន្លឹក ទឹកប្រាក់ ៦០,០០០ដុល្លារ (ដាក់តម្កល់)។ លោកបានបន្ថែមថា ការផ្ទេរទឹកប្រាក់តាមគណនីធនាគារ ABA ឈ្មោះ សេង សេរីបុត្រ ផ្ទាល់ ចំនួន ២ លើក (លើកទី១ ចំនួន ៥០,០០០ ដុល្លារ និងលើកទី២ ចំនួន ១០,០០០ ដុល្លារ)។
នៅពេលដែលលោកពិនិត្យឯកសារ ក៏ដូចជាសែកតម្កល់ និងគណនីធនាគារដែលមានឈ្មោះ សេង សេរីបុត្រ ក្នុងនាមគាត់ជាអភិបាលរងខេត្ត ទើបលោកគិតថាឯកសារទាំងអស់នេះ រួមទាំងគណនីធនាគារពិតជាពិតប្រាកដមែន ទើបសម្រេចចិត្តផ្ទេរសាច់ប្រាក់ទៅឲ្យគាត់ ទាំងដែលលោកមិនបានជួបគាត់ផ្ទាល់។ ពីព្រោះលោក ស៊ុ រិទ្ធី គាត់បានអះអាងថា គាត់ជាកូនចៅជិតស្និទ្ធផ្ទាល់របស់ លោក សេង សេរីបុត្រ។
ទោះជាយ៉ាងណា នៅពេលដល់កាលកំណត់ត្រូវសងប្រាក់មិនបានទូទាត់តាមកិច្ចសន្យាទេ ទើបរូបលោក (ម៉ៅ ប៊ុនលី) បានយកមូលប្បទានប័ត្រទៅដកនៅធនាគារ ទើបដឹងថាគណនីរបស់ភាគីខាងខ្ចីត្រូវបានបិទ និងគ្មានសាច់ប្រាក់ជាច្រើនឆ្នាំមកហើយ។ នៅពេលព្យាយាមទាក់ទងដោះស្រាយដោយសន្តិវិធីភាគីកូនបំណុលមិនព្រមចេញមុខនោះឡើយ។ ដោយសារគ្មានជម្រើស លោកក៏បានដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តកំពត ប៉ុន្តែតំណាងអយ្យការបានសម្រេចតម្កល់រឿងមិនចាត់ការ ហើយភាគីម្ខាងទៀតថែមទាំងបានប្តឹងបកមកលើរូបលោកវិញ ដោយចោទប្រកាន់ថាបានរៀបចំក្លែងបន្លំឯកសារ និងក្លែងបន្លំហត្ថលេខា។
លោក ម៉ៅ ប៊ុនលី បានគូសបញ្ជាក់ថា «ខ្ញុំគ្មានមូលហេតុអ្វីទៅបន្លំហត្ថលេខារបស់គាត់ ដើម្បីផ្ទេរសាច់ប្រាក់ទៅឲ្យគាត់នោះទេ! ហើយនៅក្នុងភស្តុតាងមួយចំនួនដែលបានដាក់ទៅក្នុងតុលាការនោះ ខ្ញុំគិតថាគាត់ជាបុគ្គលដែលដឹងនៅក្នុងសាច់រឿងទាំងអស់សាច់ប្រាក់ដែលទទួលបាន គឺគាត់ប្រើប្រាស់ក្នុងគោលដៅរបស់គាត់ មិនមែនដូចជាពាក្យអ្វីដែលគាត់បំភ្លឺជូនតុលាការនោះទេ»។
ផ្អែកតាមឯកសារកិច្ចសន្យាខ្ចីប្រាក់រយៈពេល ១ ឆ្នាំ (ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤) បានឱ្យដឹងថា លោក សេង សេរីបុត្រ ដែលជាអភិបាលរងខេត្តកំពត (ភាគី «ខ» – អ្នកខ្ចីប្រាក់) បានព្រមព្រៀងខ្ចីប្រាក់ ចំនួន ៦០,០០០ ដុល្លារ ពីលោក ម៉ៅ ប៊ុនលី និងភរិយាឈ្មោះ ហ៊ួរ ស្រីពៅ (ភាគី «ក» – ម្ចាស់បំណុល) ដោយព្រមព្រៀងបង់ការប្រាក់ ៣% ក្នុងមួយខែ (១,២០០ ដុល្លារ)។ ដើម្បីធានាលើការខ្ចីប្រាក់ ភាគី «ខ» បានផ្ទេរសិទ្ធិលើអចលនវត្ថុ (ដីធ្លី) មិនទាន់ចុះបញ្ជីជាប្រព័ន្ធ ទំហំប្រមាណ ១,៤៩១ ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងរាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត ជូនទៅភាគី «ក» ហើយប្រសិនបើមិនបានសងប្រាក់ដើមតាមកាលកំណត់ទេ ទ្រព្យធានានឹងត្រូវធ្លាក់ជាកម្មសិទ្ធិរបស់ភាគី «ក» ដោយស្វ័យប្រវត្តិ។
ដោយសាររងនូវភាពអយុត្តិធម៌ និងអស់ទីពឹង លោក ម៉ៅ ប៊ុនលី បានសម្តែងការខកចិត្តយ៉ាងខ្លាំង និងបានអំពាវនាវយ៉ាងទទូចសុំឱ្យថ្នាក់ដឹកនាំកំពូល និងស្ថាប័នតុលាការ មេត្តាជួយពិនិត្យមើលករណីនេះឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ និងជួយអន្តរាគមន៍ឱ្យរូបលោកទទួលបានថវិកាដែលបានបាត់បង់ត្រឡប់មកវិញ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះសារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺពី លោក សេង សេរីបុត្រ អភិបាលរងខេត្តកំពត ដើម្បីសុំការបកស្រាយបំភ្លឺបាននៅឡើយទេ ដោយប្រព័ន្ធទូរសព្ទហៅចូលហើយគ្មានអ្នកទទួល ក្រុមការងាររង់ចាំទទួលការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕















