ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ។
ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នេះ កំពុងឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកាន់តែខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងការបង្កើតប្រភពចំណូលថ្មី។
ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group ដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០% និងមានជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។ រោងចក្ររបស់ក្រុមហ៊ុនមានទីតាំងនៅលើផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណ ១១ ហិកតា។ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខពី GAC International ក្នុងការដំឡើងរថយន្តម៉ាក GAC នៅកម្ពុជា ហើយគម្រោងនេះក៏មានការដំឡើងរថយន្តម៉ាក CHEVROLET ផងដែរ។
រោងចក្រមានសមត្ថភាពផលិតរថយន្តប្រមាណ ២០,០០០ គ្រឿងក្នុងមួយឆ្នាំ ដោយផ្តោតលើទីផ្សារក្នុងស្រុក ៩០% និងនាំចេញ ១០% ជាមួយទុនវិនិយោគប្រមាណ ១៩.៣ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ២៥០ នាក់។
កម្ពុជាបានបោះជំហានផ្លាស់ប្តូរពីទីផ្សារដែលធ្លាប់ពឹងផ្អែកលើការនាំចូលរថយន្ត ទៅជាប្រទេសដែលមានសមត្ថភាពក្នុងការផលិត និងផ្គុំដំឡើងរថយន្តនៅក្នុងស្រុក។ ការរីកចម្រើនរបស់ TH Automotive Manufacturing ស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យយានយន្តជាវិស័យផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជាមួយនឹងការបង្កើតការងារ ការអភិវឌ្ឍជំនាញ និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងមូលដ្ឋានផលិតកម្មរបស់កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។












