សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋបានថ្លែងនៅថ្ងៃទី០៧ខែមីនាឆ្នាំ២០២២នេះខណៈសម្តេច បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិនជូនចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដោយសម្តេចបញ្ជាក់ថា សម្តេចមិនទាន់មានការឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយទេដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។
ការបញ្ជាក់របស់សម្តេចតេជោបានធ្វើឡើងបន្ទាប់ពីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។
សម្តេចតេជោបានថ្លែងថា អាស៊ាន-អាមេរិកមិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាននិងអាមេរិកនៅឡើយដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ស្នើឱ្យប្តូរពេលវេលា ក្នុងនោះប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលានៅឡើយទេ ហើយមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ខែមីនា។
ចំណែក ខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំនៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។
សម្តេចតេជោសង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវពេលវេលាសមស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេចគឺស្វាគមន៍នៅពេលវេលាណាមួយក៏បានលើកលែងតែចាប់ពីពាក់កណ្តាលខែឧសភារហូតដល់ពាក់កណ្តាលខែមិថុនាឆ្នាំ២០២២ នេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលសម្តេចមិនអាចចេញទៅក្រៅប្រទេសបាន។